កូរ៉េខាងជើង និងរុស្ស៉ី បើកសម្ភោធស្ពានឆ្លងកាត់ព្រំដែនគោកជាលើកដំបូង (Video inside)
07-09-2026 16:08
(មូស្គូ)៖ កូរ៉េខាងជើង និងរុស្ស៉ី បានដាក់ឱ្យប្រើប្រាស់ស្ពានផ្លូវថ្នល់ដំបូងគេរវាងប្រទេសទាំងពីរនាថ្ងៃចន្ទនេះ ដោយលាតសន្ធឹងឆ្លងកាត់ទន្លេ Tumen ហើយភាគីទាំងពីរចាត់ទុក ថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦។
ស្ពានថ្មីនេះស្ថិតនៅក្បែរ «ស្ពានមិត្តភាព ឬ Friendship Bridge» ជាស្ពានផ្លូវដែកដែលត្រូវបានដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ១៩៥៩ ក្រោយបញ្ចប់សង្គ្រាមកូរ៉េ។ បច្ចុប្បន្នមានការតភ្ជាប់ដោយផ្ទាល់ទាំងផ្លូវអាកាស និងផ្លូវដែក រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងរួចហើយ។ នាយករដ្ឋមន្ត្រីរុស្ស៉ី លោក Mikhail Mishustin បញ្ជាក់ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឆ្លងកាត់ព្រំដែន នឹងផ្តល់នូវកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើង កាន់តែរឹងមាំឡើងចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៉ី ដើម្បីជួយទប់ទល់នឹងការវាយប្រហាររបស់អ៊ុយក្រែនចូលទៅតំបន់នោះ កាលពីឆ្នាំ ២០២៤៕


