អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បង់ប្រាក់ធានានៅក្រៅឃុំ ក្រោយដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទគំរាមកំហែងអាយុជីវិតប្រធានាធិបតី (Video inside)
05-09-2026 15:14
(ម៉ានីល)៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte នៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានបង់ប្រាក់ធានានៅក្រៅឃុំ បន្ទាប់ពីតុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌដែលចោទប្រកាន់លោកស្រីថាបានគំរាមកំហែងអាយុជីវិតប្រធានាធិបតី លោក Ferdinand Marcos Jr. ព្រមទាំងភរិយារបស់លោក ហើយនិងអតីតប្រធានសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសម្លៀកបំពាក់ឈុតពណ៌ខ្មៅ និងត្រូវបានព័ទ្ធដោយក្រុមមន្ត្រីប៉ូលិស លោកស្រី Sara Duterte បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅតុលាការថាលោកស្រីមិនមានអារម្មណ៍សុវត្ថិភាពនោះទេ និងបានចោទប្រកាន់អាជ្ញាធរថាបានយាយីលោកស្រី ដោយនិយាយថាសំណុំរឿងរបស់លោកស្រីមានជាប់ពាក់ព័ន្ធនឹងប្រធានាធិបតី ស្ត្រីទី១ និងបងប្អូនជីដូនមួយរបស់លោក Marcos វាកាន់តែធ្វើឱ្យលោកស្រីមានការភ័យខ្លាច។ «បើទោះជាខ្ញុំបង់ប្រាក់ធានានៅក្រៅឃុំ ក៏ការយាយីមកលើរូបខ្ញុំនឹងមិនបញ្ឈប់ឡើយ។ ប្រសិនបើខ្ញុំមិនបង់ប្រាក់ធានានៅក្រៅឃុំ ខ្ញុំនឹងត្រូវបានប៉ូលិសចាប់ខ្លួន។ ខ្ញុំមិនមានជំនឿលើប៉ូលិសទេ ហើយខ្ញុំក៏មិនមែនជំនឿលើតុលាការនោះដែរ។ ខ្ញុំមិនមានអារម្មណ៍ថាមានសុវត្ថិភាពទាល់តែសោះ»។ នេះជាការគូសបញ្ជាក់របស់លោកស្រីអនុប្រធានាធិបតីហ្វីលីពីន។
គួរបញ្ជាក់ថា សំណុំរឿងខាងលើ កើតចេញពីសម្តីរបស់លោកស្រី Duterte កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលលោកស្រីបាននិយាយថា លោកស្រីបានទាក់ទងជាមួយឃាតករស៉ីឈ្នួល ហើយបានបញ្ជាឱ្យរូបគេធ្វើឃាតលោក Marcos រួមទាំងភរិយារបស់លោក និងបងប្អូនជីដូនមួយលោក ដែលនៅពេលនោះកាន់តំណែងជាប្រធានសភាហ្វីលីពីន ក្នុងករណីប្រសិនបើ លោកស្រី ត្រូវបានគេសម្លាប់។ លោកស្រី Duterte បានបដិសេធថា លោកស្រីមិនបានគំរាមកំហែងពួកគេដោយផ្ទាល់នោះទេ។
តុលាការមួយក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃសុក្រ បានអះអាងថាខ្លួនរកឃើញពីលទ្ធភាពអាចដែលអាចបើកសវនាការកាត់ទោសលោកស្រី Sara Duterte លើបទចោទទាំង៣ករណី និងអនុញ្ញាតឱ្យលោកស្រីបង់ប្រាក់ធានា ១២០ ០០០ប៉េសូ ឬស្មើនឹងប្រហែល ១៩០០ដុល្លារ សម្រាប់បទចោទនីមួយៗ។ មេធាវីរបស់លោកស្រី Duterte បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រីគ្មានបំណងគេចវេះពីច្បាប់ឡើយ ហើយនឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយតាមផ្លូវច្បាប់ ដែលលោកស្រីមានសិទ្ធិ។
ការចោទប្រកាន់អំពីការគំរាមកំហែងនេះ ក៏ស្ថិតក្នុងចំណោមការចោទប្រកាន់មួយចំនួនផ្សេងទៀត ដែលមាននៅក្នុងសំណើចោទប្រកាន់ ដើម្បីដកលោកស្រីចេញពីតំណែងផងដែរ។ បច្ចុប្បន្ន លោកស្រីកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះរបស់ព្រឹទ្ធសភាហ្វីលីពីន ដែលកំពុងដើរតួនាទីជាតុលាការកាត់ក្តីសំណុំរឿងដកតំណែងនេះ។ ប្រសិនបើត្រូវបានរកឃើញថា ពិតជាមានទោសមែននោះ លោកស្រីអាចត្រូវបានដកចេញពីតំណែង និងប៉ះពាល់ដល់គម្រោងឈរឈ្មោះរបស់លោកស្រី សម្រាប់តំណែងប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៨។
លោកស្រី Duterte ក៏ត្រូវបានចោទប្រកាន់ផងដែរថា បានប្រើប្រាស់ថវិការដ្ឋដោយមិនត្រឹមត្រូវ អំឡុងពេលកាន់តំណែងជាអនុប្រធានាធិបតី និងនៅពេលលោកស្រី ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ។ ទោះជាបែបនេះក្តី លោកស្រី បានបដិសេធថាមិនបានប្រព្រឹត្តកំហុសអ្វីទាំងអស់៕





