ម៉ាឡេស៉ី ប្រកាសភាពអាសន្ននៅស្រុក Serian រដ្ឋ Sarawak ដោយសារផ្សែងអ័ព្ទពុលធ្ងន់ធ្ងរ (Video inside)
04-09-2026 20:04
(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៉ីបានប្រកាសដាក់ស្រុក Serian នៃរដ្ឋ Sarawak ឱ្យស្ថិតក្នុងភាពអាសន្ន នៅថ្ងៃសុក្រនេះ បន្ទាប់ពីផ្សែងអ័ព្ទយ៉ាងក្រាស់ឃ្មឹកដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូណេស៉ី បានរុញច្រានការបំពុលបរិយាកាសឱ្យកើនឡើងដល់កម្រិតគ្រោះថ្នាក់បំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
សន្ទស្សន៍បំពុលខ្យល់ (API) ក្នុងស្រុក Serian បានហក់ឡើងដល់ ៥១៩ (លើសកម្រិតកំណត់នៃការប្រកាសភាពអាសន្ន ៥០០) ដែលជំរុញឱ្យព្រះមហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ុលតង់ Ibrahim អនុម័តការប្រកាសភាពអាសន្ន តាមការផ្តល់យោបល់របស់នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៉ីប្រាហ៉ីម។ វិធានការអាសន្ននេះ ត្រូវបានកំណត់អនុវត្តក្នុងរង្វង់កាំ ២០គីឡូម៉ែត្រក្នុងស្រុក Serian ខណៈសេវាចាំបាច់នានានៅតែបន្តដំណើរការ ហើយអាជ្ញាធរក៏កំពុងពន្លឿនប្រតិបត្តិការបាញ់បង្អុរទឹកភ្លៀងសិប្បនិម្មិតផងដែរ។
គួរបញ្ជាក់ថា ផ្សែងអ័ព្ទពុលចេញពីភ្លើងឆេះព្រៃនៅលើកោះ Borneo ភាគខាងប្រទេសឥណ្ឌូណេស៉ី បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់រដ្ឋ Sarawak និងបានបង្ខំឱ្យសាលារៀននៅតំបន់មួយចំនួនត្រូវបិទទ្វារជាបណ្តោះអាសន្ន៕
