សិស្ស និងគ្រូបង្រៀនឥណ្ឌូណេស៉ីជាង ១,៧០០នាក់ ពុលអាហារក្នុងសប្តាហ៍នេះ ដោយសារកម្មវិធីអាហារឥតគិតថ្លៃរបស់រដ្ឋាភិបាល
03-09-2026 19:52
(ឡាសេម)៖ មនុស្សជាង ១,៧០០នាក់ ដែលភាគច្រើនជាសិស្សានុសិស្ស និងគ្រូបង្រៀន បានធ្លាក់ខ្លួនឈឺដោយសារការពុលអាហារនៅទូទាំងប្រទេសឥណ្ឌូណេស៉ី ត្រឹមតែក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទទួលទានអាហារផ្តល់ជូនដោយឥតគិតថ្លៃរបស់រដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦។
ករណីចុងក្រោយបំផុតបានកើតឡើងនៅវិទ្យាល័យមួយកន្លែងក្នុងទីប្រជុំជន Lasem ខេត្តជ្វាកណ្តាល (Central Java) ដោយបានធ្វើឱ្យសិស្ស ៧៥២នាក់ និងគ្រូបង្រៀន ២៥នាក់ កើតអាការរាករូស និងក្អួតចង្អោរ បន្ទាប់ពីទទួលទានសាច់មាន់អាំងដែលចម្អិនតាំងពីម៉ោង ៣ទៀបភ្លឺ ប៉ុន្តែត្រូវរង់ចាំរហូតដល់ថ្ងៃត្រង់ទើបយកមកចែកជូនបរិភោគ ដោយក្នុងនោះមាន ១៥នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រៅពីនេះ ករណីពុលអាហារស្រដៀងគ្នាក៏បានកើតឡើងលើមនុស្ស ៩៥០នាក់ផ្សេងទៀត នៅតាមទីតាំងចំនួនបី រួមមានខេត្តជ្វាខាងកើត និងកោះស៊ូម៉ាត្រាខាងលិច។
សមាជិកសភាឥណ្ឌូណេស៉ី លោក Charles Honoris បានចាត់ទុកករណីទាំងនេះថា «ជាការបរាជ័យនៃប្រព័ន្ធគ្រប់គ្រង» ដោយលោកបានគូសបញ្ជាក់ថា គិតត្រឹមដើមខែកញ្ញានេះ មនុស្សរហូតដល់ប្រមាណ ៥០,០០០នាក់ហើយ បានរងគ្រោះដោយសារការពុលអាហារចេញពីកម្មវិធីនេះ ដែលកត្តាចម្បងបណ្តាលមកពីការរក្សាទុកអាហារមិនត្រឹមត្រូវ និងការដឹកជញ្ជូនយឺតយ៉ាវ។
គួរបញ្ជាក់ថា កម្មវិធីផ្តល់អាហារឥតគិតថ្លៃតម្លៃជិត ១៣ពាន់លានដុល្លារអាមេរិកនេះ គឺជាគម្រោងគោលនយោបាយអាទិភាពរបស់ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដើម្បីលើកកម្ពស់អាហារូបត្ថម្ភដល់កុមាររាប់សិបលាននាក់។ ប៉ុន្តែគម្រោងនេះកំពុងរងការរិះគន់យ៉ាងចាស់ដៃជុំវិញភាពមិនប្រក្រតី និងសុវត្ថិភាពចំណីអាហារ ខណៈការស្ទង់មតិបានបង្ហាញថា ប្រជាពលរដ្ឋត្រឹមតែមួយភាគបីប៉ុណ្ណោះដែលពេញចិត្តនឹងគម្រោងនេះ៕

