គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកលផ្តល់សារៈសំខាន់ដល់ប្រទេសសាកលខាងត្បូង និងការអភិវឌ្ឍដោយឯករាជ្យ
03-09-2026 17:16
(ប៉េកាំង)៖ ក្នុងបរិបទដែលពិភពលោក កំពុងធ្វើការផ្លាស់ប្តូរទៅរកពហុប៉ូលនិយម គ្មានប្រទេសណាមួយអាចគ្រប់គ្រងទិសដៅ និង កិច្ចការពិភពលោកតែឯកឯងបាននោះទេ ការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសាកល ដើម្បីឆ្លើយតបទៅនឹងការពិតជាក់ស្តែង របស់ពិភពលោក បានក្លាយជាកិច្ចការចាំបាច់។ ក្នុងបរិបទនេះ ប្រទេសចិនបានលើកឡើងនូវ គំនិតផ្តួចផ្តើមចំនួន៤ គឺគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គំនិតផ្តួចផ្តើមសន្តិសុខសាកល គំនិតផ្តួចផ្តើមអរិយធម៌សាកល និង គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល។
ក្នុងចំណោមនេះ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រទេសនានានៅសាកលខាងត្បូង ដោយសារតែភាពសំខាន់របស់វា បានធ្វើឱ្យប្រទេសទាំងនោះមានចំណាប់អារម្មណ៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ។ ចំណុចសំខាន់ៗទាំង៦ គឺ ទី១ តម្រូវការកែទម្រង់ស្ថាប័នពិភពលោក ឱ្យឆ្លើយតបនឹងតុល្យភាពអំណាចថ្មី ទី២ គោលការណ៍សមភាពអធិបតេយ្យភាពនិងការគោរពច្បាប់អន្តរជាតិ ទី៣ គំរូអភិវឌ្ឍន៍ដែលគោរពអធិបតេយ្យភាពនិងមិនតម្រូវឱ្យចម្លងតាមម៉ូដែលក្រៅ ទី៤ ការភ្ជាប់គ្នារវាងការអភិវឌ្ឍនិងសន្តិសុខ ទី៥ ការឆ្លើយតបនឹងបំណងប្រាថ្នាដើម្បីភាពស្វយ័តនិងស្ថិរភាពក្នុងតំបន់ និង ទី៦ ចក្ខុវិស័យពហុប៉ូលបែបសហប្រតិបត្តិការ។
រចនាសម្ព័ន្ធអភិបាលកិច្ចសាកលបច្ចុប្បន្នភាគច្រើន នៅតែឆ្លុះបញ្ចាំងពីការពិតប្រវត្តិសាស្ត្រចាស់ ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ បានក្លាយជាកម្លាំងជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនវានុវត្តន៍ពិភពលោក។ គម្លាតរវាងការផ្លាស់ប្តូរអំណាចជាក់ស្តែង និង ការរៀបចំស្ថាប័នមួយឬយន្តការមួយប្រកបស្ថិរភាព បានក្លាយជា បញ្ហាប្រឈមស្នូលមួយនៃនយោបាយអន្តរជាតិសព្វថ្ងៃ។ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល បានលេចចេញ
ជាការចូលរួមចំណែក គួរឱ្យកត់សម្គាល់ចំពោះការពិភាក្សាអំពីអនាគតនៃសណ្តាប់ធ្នាប់អន្តរជាតិ ព្រោះវាមិនត្រឹមតែ ឆ្លុះបញ្ចាំងឥទ្ធិពលរបស់ចិន ដែលកំពុងតែរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងព្យាយាមឆ្លើយតបនឹងសំណួរស្នូល៖ តើអភិបាលកិច្ចសាកលអាចសម្របខ្លួនទៅនឹងការពិតសតវត្សទី២១ដោយរបៀបណា ខណៈគំនិតផ្តួចផ្តើមនៅតែរក្សាបាន នូវស្ថិរភាព ការអភិវឌ្ឍ និងការចូលរួមកាន់តែទូលំទូលាយ ក្នុងការសម្រេចចិត្តអន្តរជាតិ។
សម្រាប់ប្រទេសតូចៗ និងកំពុងអភិវឌ្ឍន៍ គោលការណ៍ស្នូលមួយរបស់គំនិតផ្តួចផ្តើមអភិបាលកកិច្ចសាកល បានទាក់ទាញចំណាប់អារម្មណ៍បំផុត ដោយការសង្កត់ធ្ងន់លើសមភាពអធិបតេយ្យភាពរវាងរដ្ឋជាតិទាំងអស់ និងការគោរពច្បាប់អន្តរជាតិ។ អភិបាលកិច្ចសាកលមិនគួរមានតែសម្រាប់រដ្ឋាភិបាល ឬសម្រាប់តែ ក្រុមប្លុកជាក់លាក់ណាមួយឡើយ ថែមទាំងត្រូវផ្តោតលើប្រជាជនផងដែរ។ បទពិសោធអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ក៏ជាកត្តាមួយធ្វើឱ្យប្រទេសសាកលខាងត្បូង មានទំនុកចិត្តចំពោះគំនិតផ្តួចផ្តើមនេះ។ ដោយផ្អែកលើបទពិសោធអភិវឌ្ឍន៍ជាច្រើនទសវត្សរ៍ ចិនបានផ្តល់ជូន ប្រទេសកំពុងអភិវឌ្ឍន៍នូវផ្លូវថ្មីមួយឆ្ពោះទៅរកទំនើបភាវូបនីយកម្ម ដែលរក្សានូវអធិបតេយ្យភាព និងឯករាជ្យភាព ជៀសវាងការចម្លងតាមម៉ូដែលបរទេសដោយងងឹតងងល់ និងសម្រេចបានការអភិវឌ្ឍដោយមិនជាប់ជំពាក់ ការជ្រៀតជ្រែកពីខាងក្រៅ។
គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកលបានឆ្លុះបញ្ចាំងគោលដៅកសាង សណ្តាប់ធ្នាប់អន្តរជាតិដែលមានយុត្តិធម៌ និងសមធម៌ជាងមុន ព្រមទាំងផ្តល់នូវចក្ខុវិស័យរយៈពេលវែងសម្រាប់សហគមន៍អន្តរជាតិ។ ចំណុចមួយទៀត ដែលមានសារៈសំខាន់ជាពិសេស សម្រាប់ប្រទេសនៅអាហ្វ្រិក អាស៊ី និងមជ្ឈិមបូព៌ា គឺវិធីសាស្ត្ររបស់ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល គឺការភ្ជាប់គ្នារវាងការអភិវឌ្ឍន៍ និងសន្តិសុខ ដែលបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន មិនត្រឹមតែកើតចេញពី ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយប៉ុណ្ណោះទេ ថែមទាំងកើតចេញពីគម្លាតអភិវឌ្ឍន៍
សម្ពាធធនធាន និងវិសមភាពសេដ្ឋកិច្ចផងដែរ។ សម្រាប់ប្រទេសជាច្រើននៅតំបន់ទាំងនេះ ការអភិវឌ្ឍមិនអាចញែកចេញពី សន្តិសុខបានឡើយ ព្រោះការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយភាពក្រីក្រ បរិវត្តកម្មបច្ចេកវិទ្យា សន្តិសុខស្បៀង និងសន្តិសុខថាមពល សុទ្ធតែជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរយៈពេលវែង។ បទពិសោធមជ្ឈិមបូព៌ាបង្ហាញយ៉ាងច្បាស់ថា ដំណោះស្រាយយោធាតែឯមិនអាចដោះស្រាយវិវាទនយោបាយស្មុគស្មាញឡើយ ហើយស្ថិរភាពប្រកបដោយចីរភាព ទាមទារឱកាសសេដ្ឋកិច្ច កំណើនរួម និងការសន្ទនាបន្តបន្ទាប់។
ចំពោះតំបន់អាស៊ីកណ្តាល គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកលត្រូវបានចាត់ទុកថាស៊ីគ្នាទៅនឹងគោលដៅស្វែងរកការអភិវឌ្ឍដោយឯករាជ្យ និងស្ថិរភាពប្រកបដោយចីរភាពក្នុងតំបន់ ដែលបានឆ្លុះបញ្ចាំងពីតម្រូវការក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល និងស៊ីគ្នាទៅនឹងបំណងប្រាថ្នារួមរបស់ប្រជាជាតិស្រឡាញ់សន្តិភាពទាំងអស់ចំពោះជីវិតកាន់តែប្រសើរ។ គូភាគីទាំងអស់ គួរតែបន្តជំរុញការផ្លាស់ប្តូរវប្បធម៌ ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងពង្រឹងការសម្របសម្រួល ក្នុងការឆ្លើយតបនឹងវិបត្តិផ្សេងៗ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និង ការអប់រំ ដើម្បីទទួលបាន នូវលទ្ធផលជាវិជ្ជមានក្នុងការជួយពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក។
គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល បានផ្តោតលើកិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ជាជាងការប្រកួតប្រជែងគ្នា ដើរស្របគ្នាជាមួយពហុប៉ូលនិយម ដែលត្រូវបានចែកចេញជាបីទម្រង់ គឺពហុប៉ូលបែបប្រកួតប្រជែង ពហុប៉ូលបែបគ្រប់គ្រង និងពហុប៉ូលបែបសហប្រតិបត្តិការ ដោយចាត់ទុកទម្រង់ចុងក្រោយនេះ ជាទិសដៅ ដែលពិភពលោកចង់បាន។ ហើយការផ្លាស់ប្តូរនូវទស្សនៈថ្មី ដែលប្រទេសមហាអំណាចធំៗ គួរតែទទួលស្គាល់ភាពស្របច្បាប់ និងសិទ្ធិរបស់គ្នាទៅវិញទៅមក ព្រមទាំងសហការគ្នាដោះស្រាយបញ្ហាប្រឈមរួម ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាបទបញ្ជាបច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិត គួរត្រូវបានធ្វើឡើង។
ដោយសារតែភាពសំខាន់នេះ ហើយទើបធ្វើឱ្យប្រទេសសាកលខាងត្បូង មានការគាំទ្រយ៉ាងខ្លាំងចំពោះ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល ដែលមិនមែនកើតចេញពីទំនាក់ទំនងទ្វេភាគី នឹងចិនតែមួយមុខនោះទេ ថែមទាំងកើតចេញពីការចាប់យកគំនិតស្នូលរបស់គំនិតផ្តួចផ្តើមនេះ ថាឆ្លើយតបផ្ទាល់នឹងតម្រូវការជាក់ស្តែងរបស់ពួកគេ ដូចជាការគោរពសមភាពអធិបតេយ្យភាព ការចូលរួមកែទម្រង់ស្ថាប័នអន្តរជាតិឱ្យស្មើភាព ការជ្រើសរើសគំរូអភិវឌ្ឍន៍ដោយខ្លួនឯង ការភ្ជាប់គ្នារវាងសន្តិសុខ និងអភិវឌ្ឍន៍ ព្រមទាំងបំណងប្រាថ្នាចង់បានពិភពលោកពហុប៉ូល ដែលផ្អែកលើកិច្ចសហប្រតិបត្តិការ ជាជាងការប្រកួតប្រជែង។ ក្នុងន័យនេះ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល លេចចេញជាវេទិកាមួយ ដែលអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍជាច្រើន បញ្ចេញសំឡេងកាន់តែច្បាស់ក្នុងកិច្ចការអន្តរជាតិ ខណៈពេលដែលដំណើរការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសាកលទាំងមូល នៅតែជាដំណើរការវែងឆ្ងាយ និងមានភាពស្មុគស្មាញ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
