ចិនបិទសាលារៀន និងសេវាកម្មស្រឡាង ខណៈព្យុះទីហ្វុង Saudel បោកបក់លើភាគខាងកើតប្រទេស
03-09-2026 16:24
(ប៉េកាំង)៖ អាជ្ញាធរចិន បានណែនាំឱ្យបិទសាលារៀន និងផ្អាកសេវាកម្មដឹកជញ្ជូនតាមស្រឡាង នៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេស នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញានេះ បន្ទាប់ពីមន្រ្តីឧតុនិយមបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយព្យុះទីហ្វុង Saudel។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ព្យុះទីហ្វុង Saudel បានបោកបក់ចូលដល់ដីគោកនៃប្រទេសចិនជាលើកទី៣ នៅតំបន់ឆ្នេរខេត្ត Fujian កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបោកបក់ចូលខេត្ត Zhejiang ដែលនៅជាប់គ្នានោះចំនួន ២លើករួចមកហើយ។ សាលារៀនក្នុងទីក្រុង Fuzhou និង Quanzhou បានផ្អាកសកម្មភាពសិក្សាដោយផ្ទាល់ ខណៈដែលតំបន់ទេសចរណ៍មួយចំនួន រួមទាំងឧទ្យានកម្សាន្តនានា ក៏ត្រូវបានបិទទ្វារជាបណ្ដោះអាសន្នផងដែរ នៅក្នុងទីក្រុង Fuzhou។
នៅថ្ងៃដដែលនេះ សេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមស្រឡាងសរុបចំនួន ២៤ខ្សែ នៅតាមបណ្តោយឆ្នេរសមុទ្រខេត្ត Fujian។ អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នខេត្ត បានព្រមានអំពីព្យុះភ្លៀង និងគ្រោះមហន្តរាយ រួមទាំងទឹកជំនន់ភ្លាមៗ និងការបាក់ដី។ តាមទីភ្នាក់ងារព័ត៌មាន Xinhua មនុស្សប្រហែល ២៤៧ ៧០០នាក់ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ក្នុងខេត្ត Fujian ត្រូវបានជម្លៀសចេញកាលពីសប្តាហ៍មុន បន្ទាប់ពីអាជ្ញាធរបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា អាកាសធាតុដ៏អាក្រក់ បានបង្កការខូចខាតធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួននៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារព្យុះទីហ្វុងកើតមានឡើងជាបន្តបន្ទាប់ នាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា និងបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់សែននាក់៕



