ប្រធានកិច្ចប្រជុំមេដឹកនាំនៃបណ្តាប្រទេសកោះប៉ាស៉ីហ្វិក ស្នើឱ្យមានការរួបរួមថ្កោលទោស សកម្មភាពធ្វើតេស្តមីស៉ីលរបស់ចិន (Video inside)
03-09-2026 15:18
(Ngerulmud)៖ ប្រធានវេទិកាប្រទេសកោះប៉ាស៉ីហ្វិក នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញក្តីសង្ឃឹមថា នឹងទទួលបានការឯកភាពពីបណ្តាសមាជិក ដើម្បីថ្កោលទោសការធ្វើតេស្តមីស៉ីលរបស់ចិននៅក្នុងតំបន់ នាថ្ងៃចុងបញ្ចប់នៃកិច្ចប្រជុំកំពូលដែលត្រូវបានគ្របដណ្ដប់ដោយបញ្ហារវាងទីក្រុងប៉េកាំង និងតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Surangel Whipps Jr ដែលជាប្រធានាធិបតីប្រទេស Palau ផងនោះ បានគូសបញ្ជាក់ថា «វាពិតជាចំណុចមួយ ដែលយើងនឹងពិភាក្សាគ្នាថ្ងៃនេះ ហើយសំឡេងរួបរួមរបស់តំបន់ប៉ាស៉ីហ្វិក គឺមានសារៈសំខាន់ណាស់ ក្នុងការជំរុញឱ្យទីក្រុងប៉េកាំង គោរពអធិបតេយ្យ ផ្តល់តម្លាភាព និងក្លាយជាដៃគូដែលមានទំនួលខុសត្រូវ។ យើងមិនចង់ឱ្យទីធ្លាផ្ទះ ឬលំនៅដ្ឋានរបស់យើងរងការគំរាមកំហែង និងការណ៍មិនគោរពនោះទេ»។
គួរបញ្ជាក់ថា ចិនបានបាញ់តេស្តមីស៉ីលបាលីស្ទីគ ចូលមហាសមុទ្រប៉ាស៉ីហ្វិក កាលពីខែកក្កដា ដោយនិយាយថា បានធ្វើឡើងដោយសុវត្ថិភាព។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសកោះប៉ាស៉ីកហ្វិក កាលពីខែមុន មិនអាចឈានដល់ការឯកភាពគ្នា លើសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះការធ្វើតេស្តនេះនោះទេ បើទោះបីជាមេដឹកនាំនីមួយៗបានបង្ហាញពីក្តីបារម្ភ ទាំងជាសាធារណៈ និងជាលក្ខណៈឯកជន អំពីការបង្កើនសកម្មភាពយោធានៅក្នុងតំបន់ក៏ដោយ៕


