ហ្វីលីពីនរៀបចំការហ្វឹកហាត់ពង្រឹងសុវត្ថិភាពសាលារៀន ក្រោយផ្ទុះហេតុការណ៍បាញ់ប្រហារ (Video inside)
03-09-2026 14:28
(ម៉ានីល)៖ នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលសំឡេងប្រកាសអាសន្នពីការគំរាមកំហែងដោយខ្មាន់កាំភ្លើង ត្រូវបានបន្លឺឡើងពាសពេញសាលារៀនរដ្ឋមួយកន្លែង ក្នុងប្រទេសហ្វីលីពីន សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ បាននាំគ្នាធ្វើសកម្មភាពឆ្លើយតបយ៉ាងឆាប់រហ័ស។ សិស្សខ្លះបានជួយចាក់សោ និងដាក់កៅអីគរលើគ្នា នៅទល់នឹងទ្វារថ្នាក់រៀន ខណៈអ្នកផ្សេងទៀតបានបិទវាំងនន បិទភ្លើង និងលាក់ខ្លួនក្រោមតុ តាមការណែនាំរបស់គ្រូ ឱ្យនៅស្ងៀមស្ងាត់ និងកុំឱ្យគេមើលឃើញ។
ទិដ្ឋភាពនៅឯវិទ្យាល័យ Carlos F. Gonzales ក្នុងខេត្ត Bulacan គឺជាផ្នែកមួយ នៃការធ្វើលំហាត់សមពង្រឹងសុវត្ថិភាពសាលារៀនទូទាំងប្រទេស ដែលដឹកនាំដោយក្រសួងអប់រំ និងបណ្តាទីភ្នាក់ងារសន្តិសុខរបស់ប្រទេសហ្វីលីពីន ស្របពេលដែលអាជ្ញាធរកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងជាងមុន នូវសមត្ថភាពត្រៀមបង្ការគ្រាអាសន្ន បន្ទាប់ពីឧប្បត្តិហេតុបាញ់ប្រហារ នៅសាលារៀនពីរលើក កាលពីថ្មីៗនេះ។
នៅក្រោមសេណារីយ៉ូធ្វើដូចជាមានសកម្មភាពបាញ់ប្រហារមួយបានកើតឡើង ក្រុមបុគ្គលិកសាលាបានជូនដំណឹងភ្លាមៗទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ហើយដំណើរការប្រព័ន្ធប្រកាសអាសន្ន និងដាក់ឱ្យថ្នាក់រៀនទាំងអស់ស្ថិតក្រោមការបិទខ្ទប់សុវត្ថិភាព ខណៈដែលសិស្សត្រូវពួនសំងំនៅនឹងកន្លែង រហូតទាល់តែប៉ូលិសប្រកាសថា បរិវេណសាលាមានសុវត្ថិភាពវិញ។
នាយកសាលាខាងលើ លោក Ceanceno Espirito Jr. បាននិយាយថា «អាទិភាពចម្បងបំផុតរបស់យើងគឺសុវត្ថិភាព និងការត្រៀមខ្លួន» ហើយលោកបន្ថែមថា ការធ្វើលំហាត់សមទាំងនេះ អនុញ្ញាតឱ្យសាលារៀនវាយតម្លៃវិធានការឆ្លើយតបបន្ទាន់ និងកំណត់ចំណុចដែលត្រូវកែលម្អបន្ថែម។
លំហាត់សមនេះ បានហ្វឹកហាត់អនុវត្តចំណាត់ការឆ្លើយតបបន្ទាន់យ៉ាងពេញលេញមួយ ដែលរួមទាំងការសម្របសម្រួលជាមួយប៉ូលិស ការជម្លៀសមនុស្សទៅកាន់ ទីតាំងប្រមូលផ្តុំដែលបានកំណត់ ការរាប់ចំនួនសិស្សនិងបុគ្គលិក ការព្យាបាលបឋមសម្រាប់ជនរងគ្រោះ និងការគាំទ្រផ្លូវចិត្តសម្រាប់អ្នករងផលប៉ះពាល់។
គួរបញ្ជាក់ថា ករណីបាញ់ប្រហារនៅតាមសាលារៀន គឺជារឿងកម្រនឹងកើតមាននៅក្នុងប្រទេសហ្វីលីពីន ជាទីដែលការប្រើប្រាស់អាវុធ ត្រូវបានគ្រប់គ្រងតឹងរ៉ឹង។ ទោះជាយ៉ាងណា ឧប្បត្តិហេតុថ្មីៗនេះ បានជំរុញឱ្យមានការជជែកដេញដោលជាថ្មី អំពីសិទ្ធិកាន់កាប់អាវុធ ការរក្សាទុកអាវុធ និងផលប៉ះពាល់ចំពោះកុមារ ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការបាញ់ប្រហារនៅវិទ្យាល័យមួយ ភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៨ ខែសីហា បានបណ្តាលឱ្យសិស្សពីរនាក់ស្លាប់ រួមទាំងខ្មាន់កាំភ្លើង។ វាជាការវាយប្រហារដោយកាំភ្លើងលើកទីពីរ នៅតាមសាលារៀនក្នុងប្រទេសហ្វីលីពីន គិតក្នុងរយៈពេលមិនដល់៣ខែ ហើយបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧប្បត្តិហេតុដ៏កក្រើកមួយនៅប្រទេសថៃ ជាទីដែលសិស្សម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារក្នុងសាលារៀនមួយ នៅជាយក្រុងបាងកក៕





