FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ថានឹងរៀបចំការបោះឆ្នោតថ្មី នៅពេលត្រៀមខ្លួនរួចរាល់ (Video inside)

03-09-2026 13:50

(ការ៉ាកាស)៖ កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានច្រានចោលការអំពាវនាវចង់ឲ្យមានការបោះឆ្នោតឆាប់ៗ ដោយលោកស្រីលើកឡើងថា ប្រទេសអាមេរិកឡាទីនមួយនេះ នឹងរៀបចំការបោះឆ្នោតថ្មី នៅពេលដែលត្រៀមខ្លួនរួចរាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បន្ទាប់ពីចូលរួមធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលតម្លៃរាប់ពាន់លានដុល្លារ ជាមួយរដ្ឋមន្ត្រីថាមពលរបស់សហរដ្ឋអាមេរិក លោក Chris Wright ដែលកំពុងបំពេញទស្សនកិច្ចនៅវ៉េណេស៊ុយអេឡា លោកស្រី Rodriguez បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «សូមកុំមានការសង្ស័យអ្វីឡើយ ដំណើរការបោះឆ្នោត នឹងត្រូវធ្វើឡើង ប៉ុន្តែនៅពេលដែលវ៉េណេស៊ុយអេឡាត្រៀមខ្លួនរួចរាល់»

ប្រធានាធិបតីអាមេរិក លោក លោក ដូណាល់ ត្រាំ ក៏បានថ្លែងកាលពីថ្ងៃពុធដែរថា វ៉េណេស៊ុយអេឡា មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការរៀបចំការបោះឆ្នោតនៅឡើយទេ បន្ទាប់ពីសហរដ្ឋអាមេរិក បានទម្លាក់អតីតមេដឹកនាំ លោក Nicolas Maduro ចេញពីតំណែង ហើយចាប់ខ្លួនយកទៅកាន់អាមេរិក កាលពីដើមឆ្នាំនេះ។

លោក ត្រាំ បាននិយាយដោយសំដៅទៅលើរដ្ឋបាលបណ្ដោះអាសន្ននៅទីក្រុងការ៉ាកាស ដែលដឹកនាំដោយលោកស្រី Delcy Rodriguez យ៉ាងដូច្នេះថា «ខ្ញុំគិតថាពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ។ តើអ្នកដឹងទេ វាជារឿងថ្មីណាស់។ យើងទើបតែបានរំដោះពួកគេចេញពីរបបផ្ដាច់ការ ហើយយើងកំពុងចុះសម្រុងគ្នាបានយ៉ាងល្អជាមួយរដ្ឋាភិបាលនៅទីនោះ»

គួរបញ្ជាក់ថា លោកស្រី Delcy គឺជាអនុប្រធានាធិបតីរបស់លោក Maduro ហើយចាប់តាំងពីលោកត្រូវបានអាមេរិកទម្លាក់​ពីអំណាច លោកស្រីបាននិងកំពុងដឹកនាំប្រទេសវ៉េណេស៊ុយអេឡា ក្រោមសម្ពាធពីសំណាក់រដ្ឋបាលលោក ត្រាំ។ ក្រោមកិច្ចព្រមព្រៀងថាមពលខាងលើ ទីក្រុងការ៉ាកាសផ្តល់ឱ្យទីក្រុងវ៉ាស៉ីនតោន នូវសិទ្ធិកាន់កាប់លើធនធានប្រេងក្រោមដី​របស់ប្រទេសវ៉េណេស៊ុយអេឡា ស្មើនឹងខ្ទង់ ៦៥ពាន់លានបារ៉ែល៕