FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការវៀតណាម កាត់ទោសប្រហារជីវិតមនុស្ស ១១នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ (Video inside)

03-09-2026 13:23

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា តុលាការនៅប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតមនុស្ស ១១នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយ បន្ទាប់ពីការស៊ើបអង្កេតដែលបានចាប់ផ្តើម នៅពេលដែលបុគ្គលិកបម្រើការលើយន្តហោះ ៤នាក់ ត្រូវបានរកឃើញគ្រឿងញៀនដែលលាក់ នៅក្នុងថ្នាំដុសធ្មេញ កាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តុលាការប្រជាជនទីក្រុងហូជីមិញ បានប្រកាសសាលក្រមប្រហារជីវិតលើជនជាប់ចោទ ១១នាក់ ដែលត្រូវបានរកឃើញថា មានទោសពីបទជួញដូរគ្រឿងញៀន ក្នុងសំណុំរឿងមួយដែលពាក់ព័ន្ធនឹងមនុស្សសរុបរហូតដល់ទៅ ២២៧នាក់។ សំណុំរឿងនេះ បានកើតចេញពីការរកឃើញគ្រឿងញៀនទម្ងន់ជាង ១០គីឡូក្រាម ដែលលាក់នៅក្នុងថ្នាំដុសធ្មេញចំនួន១៥៧បំពង់ កាលពីខែមីនាឆ្នាំ ២០២៣ ដោយអ្នកបម្រើការលើយន្តហោះអាកាសចរណ៍ Vietnam Airlines ៤នាក់ ដែលបានធ្វើដំណើរមកដល់ពីទីក្រុងប៉ារីស នៅឯអាកាសយានដ្ឋាន Tan Son Nhat នៃទីក្រុងហូជីមិញ។

អាជ្ញាធរវៀតណាម ក្រោយមកបានកំណត់ថា ស្ត្រីបុគ្គលិកយន្តហោះទាំងនោះ តាមពិតបានដឹកជញ្ជូនគ្រឿងញៀន ដោយមិនដឹងខ្លួន។ ក្រុមអ្នកស៊ើបអង្កេត បានស្រាវជ្រាវរកឃើញ បណ្តាញជួញដូរឆ្លងដែន ដែលរត់ពន្ធគ្រឿងញៀនក្លែងបន្លំជា ទំនិញប្រើប្រាស់ទូទៅពីប្រទេសបារាំងចូលមកកាន់វៀតណាម។ យ៉ាងហោចណាស់ ជនជាប់ចោទ ២០នាក់ផ្សេងទៀត ត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងនេះ។

គួរបញ្ជាក់ថា ការចេញសាលក្រមខាងលើធ្វើឡើង ចំពេលដែលវៀតណាមកំពុងពិចារណាការផ្លាស់ប្តូរមួយចំនួន ចំពោះការអនុវត្តទោសប្រហារជីវិតក្នុងប្រទេសរបស់ខ្លួន។ កាលពីខែសីហាកន្លងទៅនេះ រដ្ឋាភិបាលវៀតណាម បានស្នើលុបបំបាត់ទោសប្រហារជីវិតសម្រាប់បទល្មើសចំនួន៦ រួមទាំងការជួញដូរគ្រឿងញៀន ដែលជាផ្នែកមួយនៃការកែសម្រួលក្រមព្រហ្មទណ្ឌ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរដែលបានស្នើឡើង មិនទាន់ចូលជាធរមាននៅឡើយទេ៕