FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំងឺមហារីក លងបន្លាចប្រជាជនដែលរស់តំបន់រោងចក្រផលិតអគ្គិសនីដេីរដោយធ្យូងថ្មដ៏សំខាន់មួយ នៃប្រទេសកូសូវ៉ូ (Video inside)

03-09-2026 11:24

(Obilic)៖ អ្នកស្រុករស់នៅទីប្រជុំជនតូចមួយឈ្មោះ Obilic ក្បែររដ្ឋធានី Pristina នៃប្រទេសកូសូវ៉ូ បាននិយាយថា វាពិតជាពិបាករកគ្រួសារណាមួយដែលមិនរងគ្រោះដោយជំងឺមហារីក ខណៈដែលតំបន់នេះហ៊ុំព័ទ្ធទៅដោយផ្សែងអ័ព្ទ ចេញពីរោងចក្រថាមពលដើរដោយធ្យូងថ្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការត្រួតពិនិត្យផ្លូវការឆ្នាំ២០២៥ បានកត់ត្រាពីកម្រិតភាគល្អិតក្នុងកំហាប់ខ្យល់ជាមធ្យមប្រចាំឆ្នាំ នៅតំបន់ Obilic ថាមានកម្រិតខ្ពស់ជាងពីរដងនៃកម្រិតកំណត់ដោយអង្គការសុខភាពពិភពលោក (WHO)។ ភាគល្អិតតូចៗទាំងនេះ អាចជ្រាបចូលទៅក្នុងសួតបានយ៉ាងជ្រៅ និងចូលទៅក្នុងចរន្តឈាម ហើយត្រូវបានគេរកឃើញថាអាចធ្វើឱ្យមានជំងឺបេះដូង និងសរសៃឈាម ជំងឺផ្លូវដង្ហើម មហារីកសួត និងការស្លាប់មុនអាយុ។

ម្ចាស់ជំនួយអន្តរជាតិ និងរដ្ឋាភិបាលកូសូវ៉ូ បានប្តេជ្ញាផ្តល់ថវិការាប់សិបលានអឺរ៉ូ ដើម្បីកាត់បន្ថយការបំពុល រួមទាំងតាមរយៈការធ្វើទំនើបកម្មរោងចក្រមួយកន្លែង ដែលត្រូវបានរំពឹងថានឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័ន។ ប៉ុន្តែ វិទ្យាស្ថានជាតិសុខភាពសាធារណៈប្រទេសកូសូវ៉ូ បានលើកឡើងកាលពីខែមេសាថា នៅតែចាំបាច់ត្រូវមាន «វិធានការបន្ទាន់» ដើម្បីទប់ស្កាត់ការបំពុលដែលបង្កឡើងដោយរោងចក្រថាមពលកម្ដៅ។

ដំណាលគ្នានឹងបើកការស៉ើបអង្កេតលើរោងចក្រផលិតថាមពលរបស់រដ្ឋ ពាក់ព័ន្ធនឹងការបំពុល ការធ្វើឱ្យខូចគុណភាព និងបំផ្លាញបរិស្ថាន ប្រជាជនជាច្រើនដែលរស់នៅក្បែររោងចក្រ ក៏ពឹងអាស្រ័យលើរោងចក្រសម្រាប់ការប្រកបមុខរបរលក់ដូរផងដែរ។ ស្ថានភាពនេះធ្វើឱ្យពួកគេ ត្រូវប្រឈមនឹងជម្រើសដ៏លំបាកមួយ គឺថាតើតត្រូវចាកចេញ ឬក៏រស់នៅជាមួយការបំពុល។

អ្នកស្រុកម្នាក់ ដែលមានហាងកាហ្វេតាមដងផ្លូវទៅកាន់រោងចក្រផលិតថាមពល បានប្រាប់ AFP ថាគាត់បានបាត់បង់កូនប្រុសវ័យជំទង់ម្នាក់ ដោយសារជំងឺមហារីក នៅក្នុងឆ្នាំ២០១០ ហើយក៏បានបាត់បង់ភរិយានៅ ១៤ឆ្នាំក្រោយមកទៀត។ អតិថិជនជាច្រើនរបស់គាត់ក៏មានរឿងរ៉ាវស្រដៀងគ្នានេះដែរ។

គួរបញ្ជាក់ថា កូសូវ៉ូ ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកូសូវ៉ូ គឺជាប្រទេសមួយដែលគ្មានព្រំដែនជាប់សមុទ្រ ស្ថិតនៅប៉ែកអាគ្នេយ៍នៃទ្វីបអឺរ៉ុប។ ប្រទេសនេះមានព្រំដែនជាប់ប្រទេសអាល់បានីនៅភាគនិរតី ប្រទេសម៉ុងតេណេហ្គ្រោនៅភាគខាងលិច ប្រទេសស៊ែប៊ីនៅភាគខាងជើង និងខាងកើត និងប្រទេសម៉ាសេដូនខាងជើងនៅភាគអាគ្នេយ៍៕