FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ លើកឡើងពីគំនិតចង់ប្ដូរឈ្មោះច្រកសមុទ្រ Hormuz ទៅជាច្រកសមុទ្រ Trump (Video inside)

03-09-2026 09:07

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ បានលើកឡើងពីគំនិតចង់ប្ដូរឈ្មោះច្រកសមុទ្រ Hormuz ទៅជាច្រកសមុទ្រ Trump ជាមួយការទទូចថាសហរដ្ឋអាមេរិកកំពុងគ្រប់គ្រងលើច្រកសមុទ្រដ៏សំខាន់មួយនេះ បើទោះជាពុំទាន់មានពន្លឺដើម្បីបិទញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានគូសបញ្ជាក់ថា «ឥលូវច្រកសមុទ្រ Hormuz កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ ដូច្នេះតើយើងគួរតែដូរឈ្មោះច្រកសមុទ្រ Hormuz ទៅជាច្រកសមុទ្រ TRUMP ដែរឬក៏យ៉ាងណា???»។ បន្ទាប់ពីការបង្ហោះរបស់លោក ត្រាំ សេតវិមានបានបង្ហោះផែនទីតំបន់ឈូងសមុទ្រពែក្សនៅលើបណ្ដាញទំនាក់ទំនងសង្គមដោយភ្ជាប់ជាមួយ ឈ្មោះច្រកសមុទ្រ Trump។

គួរបញ្ជាក់ថា ចាប់តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥មក លោក ត្រាំ ក៏ធ្លាប់បានលើកឡើងពីគំនិតដូរឈ្មោះទីតាំងភូមិសាស្ត្រសំខាន់ៗ ជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះកាលពីពេលថ្មីៗនេះ លោកបានចុះហត្ថលេខាលើបទបញ្ជាមួយឱ្យប្ដូរឈ្មោះបឹង Ontario ទៅជាបឹង America ខណៈកំពុងមានសង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា។ លោក ត្រាំ នៅប៉ុន្មានថ្ងៃដំបូងនៃការឡើងកាន់តំណែងជាប្រធានាធិបតី បានដូរឈ្មោះឈូងសមុទ្រម៉ិកស៉ិក ទៅជាឈូងសមុទ្រអាមេរិក។ តែទាំងម៉ិកស៉ិក និងកាណាដាមិនបានទទួលស្គាល់ការប្ដូរឈ្មោះរបស់លោក ត្រាំ នោះទេ៕