រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល៖ អ៉ីស្រាអែលត្រៀមផែនការបណ្តេញប្រជាជនហ្គាហ្សា ប្រសិនបើមានការយល់ព្រមពីអាមេរិក
02-09-2026 22:38
(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានថ្លែងនៅថ្ងៃពុធនេះថា អ៉ីស្រាអែលបានរៀបចំផែនការរួចជាស្រេចក្នុងការជម្លៀស និងបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាតាមផ្លូវសមុទ្រ និងផ្លូវអាកាស ប៉ុន្តែកំពុងរង់ចាំការយល់ព្រមពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
លោក Katz បានគូសបញ្ជាក់ថា គ្មានដំណោះស្រាយពិតប្រាកដសម្រាប់ហ្គាហ្សាដោយគ្មានការធ្វើចំណាកស្រុកនេះឡើយ ហើយផែនការនេះមិនត្រូវបានលុបចោលនោះទេ ប៉ុន្តែគ្រាន់តែត្រូវបង្កកបណ្តោះអាសន្នប៉ុណ្ណោះ។ លោកបានបន្ថែមថា អ៉ីស្រាអែលនឹងទទួលបានការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន ប្រសិនបើក្រុមហាម៉ាសមិនគោរពតាមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងបទឈប់បាញ់។
គួរបញ្ជាក់ថា ការបង្ខំឱ្យជនស៊ីវិលផ្លាស់ទីលំនៅចេញពីទឹកដីកាន់កាប់ ត្រូវបានចាត់ទុកជា «ឧក្រិដ្ឋកម្មសង្គ្រាម» ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ខណៈដែលប្រតិបត្តិការយោធារបស់អ៉ីស្រាអែលនៅហ្គាហ្សាតាំងពីឆ្នាំ២០២៣ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនកើនលើស ៧៣,០០០នាក់រួចទៅហើយ៕
