WHO៖ ត្រូវបង្កើនល្បឿនទប់ស្កាត់ជំងឺអេបូឡានៅកុងហ្គោ ខណៈអ្នកស្លាប់កើនលើស ៣,០០០នាក់ (Video inside)
02-09-2026 22:20
(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃពុធនេះថា យុទ្ធនាការឆ្លើយតបនឹងជំងឺអេបូឡា (Ebola) ត្រូវតែពង្រីកឱ្យកាន់តែធំ និងលឿនជាងមុន ដើម្បីទប់ទល់នឹងការរាតត្បាតដ៏សាហាវនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស្របពេលដែលការតាមដានខ្សែចម្លងនៅតែជួបការលំបាក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់ថា ដរាបណាគ្រប់ខ្សែចម្លងមិនទាន់ត្រូវបានកាត់ផ្តាច់ ការរាតត្បាតនឹងបន្តគំរាមកំហែងដល់តំបន់ទាំងមូល ខណៈមនុស្សជាច្រើនបានស្លាប់ដោយសារការឆ្លងដែលមិនទាន់ដឹងប្រភពច្បាស់លាស់។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យពន្លឿនការផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ១.៣ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ផែនការឆ្លើយតបបន្ទាន់របស់រដ្ឋាភិបាលកុងហ្គោ។
គួរបញ្ជាក់ថា ការផ្ទុះរាតត្បាតវីរុសអេបូឡានៅកុងហ្គោពេលនេះ បានសម្លាប់មនុស្សលើស ៣,០០០នាក់ ដែលបានក្លាយជាគ្រោះរាតត្បាតដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ និងធ្ងន់ធ្ងរបំផុតលំដាប់ទីពីរក្នុងប្រវត្តិសាស្ត្រពិភពលោក៕
