FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេហ្ស៉ីប ទទួលស្វាគមន៍លោក ស៊ី ជីនពីង យ៉ាងកក់ក្តៅ ស្របពេលចិនពង្រីកឥទ្ធិពលនៅមជ្ឈិមបូព៌ា (Video inside)

02-09-2026 20:15

(គែរ)៖ ប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi បានទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង​ នៅក្នុងរដ្ឋធានីគែរ នៅថ្ងៃពុធនេះ ដែលជាការបើកទំព័រដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ បង្ហាញពីការរឹតចំណងទាក់ទងកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ស្របពេលដែលវិបត្តិក្នុងតំបន់កំពុងជំរុញឱ្យបណ្តាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ធ្វើការវាយតម្លៃឡើងវិញនូវទំនាក់ទំនងសន្តិសុខរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់ប្រទេសអេហ្ស៉ីប គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយលោកត្រូវបានទទួលស្វាគមន៍យ៉ាងមហោឡារិកនៅក្នុងពិធីយោធានៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីគែរ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីភាពចលាចលអស់រយៈពេលជាច្រើនខែនៅមជ្ឈិមបូព៌ា ដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលបានអង្រួនសេដ្ឋកិច្ចក្នុងតំបន់ និងបង្កជាសំណួរក្នុងចំណោមដៃគូរបស់អាមេរិកអំពីការរៀបចំសន្តិសុខរបស់ពួកគេ។

ទោះបីជាអេហ្ស៉ីបជាដៃគូការពារជាតិដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលទទួលបានជំនួយយោធាប្រមាណ ១.៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំពីរដ្ឋធានីវ៉ាស៊ីនតោនក៏ដោយ ក៏ទីក្រុងគែរបានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធាយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងពេលដំណាលគ្នាផងដែរ។ អតីតអ្នកការទូតអេហ្ស៉ីប លោក Ayman Zaineldine បានប្រាប់ Reuters ថា «អេហ្ស៉ីបចង់ពង្រីករង្វង់ទំនាក់ទំនងរបស់ខ្លួនជាមួយមហាអំណាចពិភពលោក រួមទាំងប្រទេសចិន... ដូច្នេះហើយទើបទស្សនវិស័យនៃប្រទេសទាំងពីរបានជួបប្រសព្វគ្នា»។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងគែរ និងទីក្រុងប៉េកាំង បានរីកចម្រើនជាលំដាប់ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ នៅពេលដែលលោកប្រធានាធិបតី Sisi បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី៕