លោក អ៊ែរដូហ្កាន៖ តួកគីយ៉េ នឹងពិចារណាចូលជាសមាជិកពេញសិទ្ធិនៃអង្គការ SCO ដែលដឹកនាំដោយចិន និងរុស្ស៉ី (Video inside)
02-09-2026 19:27
(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan បានថ្លែងនៅថ្ងៃពុធនេះថា ប្រទេសតួកគីយ៉េដែលជាសមាជិកអង្គការណាតូ (NATO) នឹងពិចារណាលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយប្លុកសន្តិសុខដែលដឹកនាំដោយប្រទេសចិន និងរុស្ស៉ី គឺអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ទៅកាន់កម្រិតខ្ពស់ជាងមុន រួមទាំងលទ្ធភាពនៃការចូលជាសមាជិកពេញសិទ្ធិផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើជើងហោះហើរត្រឡប់មកពីប្រទេសកៀហ្ស៉ីគីស្ថាន (Kyrgyzstan) លោក អ៊ែរដូហ្កាន បានគូសបញ្ជាក់ដូច្នេះថា «លទ្ធភាពនៃការចូលជាសមាជិក (ពេញសិទ្ធិ) របស់តួកគីយ៉េនៅក្នុងអង្គការនេះ មិនមែនមានន័យថាជាការផ្តាច់ខ្លួនចេញពីប្លុកដទៃទៀត ឬពីបណ្តាប្រទេសលោកខាងលិចនោះឡើយ»។
គួរបញ្ជាក់ថា អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) គឺជាប្លុកសន្តិសុខ និងនយោបាយដ៏មានឥទ្ធិពលមួយនៅតំបន់អឺរ៉ាស៊ី ដែលបង្កើតឡើងដោយចិន និងរុស្ស៉ី ខណៈដែលតួកគីយ៉េបច្ចុប្បន្នមានឋានៈជា «ដៃគូសន្ទនា» របស់អង្គការនេះ ហើយទីក្រុងអង់ការ៉ាតែងតែស្វែងរកការពង្រីកទំនាក់ទំនងការទូតចម្រុះទិសដៅលើឆាកអន្តរជាតិ៕

