ខួប២៥ឆ្នាំ «ភាពជាដៃគូជំនួសឱ្យសម្ព័ន្ធភាព»៖ «ស្មារតីសៀងហៃ» ផ្តល់ភាពប្រាកដប្រជាដល់ពិភពលោក ដែលកំពុងប្រឈមនឹងភាពមិនច្បាស់លាស់
02-09-2026 16:58
(ប៉េកាំង)៖ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំកំពូលក្រុមប្រឹក្សាប្រមុខរដ្ឋលើកទី២៦របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្រោមប្រធានបទ «ខួប២៥ឆ្នាំនៃ SCO៖ រួមគ្នាឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព ការអភិវឌ្ឍ និងភាពរុងរឿង» ដែលប្រព្រឹត្តឡើងនៅរដ្ឋធានីប៊ីស្កេកនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ស្របពេលដែលជាឆ្នាំរបស់អង្គការនេះ ប្រារព្ធខួប២៥ឆ្នាំនៃការបង្កើត កំពុងទាក់ទាញការចាប់អារម្មណ៍ខាងនយោបាយអន្តរជាតិ។ កិច្ចប្រជុំនេះមិនត្រឹមតែជា វេទិកាសម្រាប់ពិភាក្សាអំពីបញ្ហាតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ពិភាក្សាអំពីទិសដៅ នៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងបរិបទពិភពលោកដែលកំពុងមានភាពមិនប្រាកដប្រជាកាន់តែខ្លាំង។
ក្នុងរយៈពេល២៥ឆ្នាំ SCO បានវិវត្តពីក្របខណ្ឌផ្តោតលើការកសាងទំនុកចិត្ត និងសន្តិសុខក្នុងតំបន់ ទៅជាវេទិកាដែលគ្របដណ្តប់លើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ការដឹកជញ្ជូន បច្ចេកវិទ្យា កសិកម្ម និងការផ្លាស់ប្តូររវាងប្រជាជន។ ការវិវត្តនេះបង្ហាញថា សន្តិសុខ និងការអភិវឌ្ឍត្រូវបានមើលឃើញថា មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ក្នុងអត្ថបទដែលលោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយ នៅប្រព័ន្ធផ្សព្វផ្សាយកៀហ្ស៊ីស៊ីស្ថាន មុនពេលចូលរួមកិច្ចប្រជុំកំពូល លោកបានរំលឹកពីសារៈសំខាន់នៃ «ស្មារតីសៀងហៃ» ដែលផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ផលប្រយោជន៍ទៅវិញទៅមក សមភាព ការពិគ្រោះយោបល់ ការគោរពភាពចម្រុះនៃអរិយធម៌ និងការស្វែងរកការអភិវឌ្ឍរួម។ អត្ថន័យសំខាន់នៃទស្សនៈនេះ គឺការលើកកម្ពស់ «ភាពជាដៃគូជំនួសឱ្យសម្ព័ន្ធភាព»។ ប្រទេសដែលមានប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ខុសគ្នា មិនចាំបាច់មានទស្សនៈដូចគ្នាទាំងអស់ ទើបអាចសហការគ្នាបានឡើយ។ អ្វីដែលសំខាន់គឺការគោរពគ្នា ការសន្ទនា និងការស្វែងរកចំណុចរួមដែលអាចបង្កើតផលប្រយោជន៍សម្រាប់គ្រប់ភាគី។
ក្នុងបរិបទនេះ «ស្មារតីសៀងហៃ» មានន័យនយោបាយលើសពីក្របខណ្ឌរបស់ SCO ព្រោះវាឆ្លុះបញ្ចាំងពីការស្វែងរក វិធីសាស្ត្រមួយសម្រាប់ការរស់នៅជាមួយភាពខុសគ្នា ដោយមិនចាំបាច់បែងចែកពិភពលោកជាប្លុកប្រឈមមុខគ្នា។ ទន្ទឹមនឹងនេះ លោក Xi Jinping ក៏បានសង្កត់ធ្ងន់លើការពង្រឹងពហុភាគីនិយម ប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល និងការគោរពច្បាប់អន្តរជាតិ។ គតិបណ្ឌិតនេះបង្ហាញថា SCO កំពុងព្យាយាមភ្ជាប់កិច្ចសហប្រតិបត្តិការតំបន់ជាមួយ ការពិភាក្សាធំជាងនេះអំពីអនាគតនៃអភិបាលកិច្ចសកល។ សម្រាប់ពិភពលោកដែលកំពុងប្រឈមនឹង ភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងសេដ្ឋកិច្ច និងបញ្ហាឆ្លងព្រំដែនជាច្រើន ការពង្រឹងការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី អាចជាមធ្យោបាយមួយដើម្បីកាត់បន្ថយការយល់ច្រឡំ និងបង្កើតបរិយាកាសសម្រាប់សន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ ការពង្រីកកិច្ចសហប្រតិបត្តិការរបស់ SCO ទៅកាន់ពាណិជ្ជកម្ម ថាមពល ការដឹកជញ្ជូន ភស្តុភារកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល កំពុងបង្កើតមូលដ្ឋានថ្មីសម្រាប់ការតភ្ជាប់អឺរ៉ាស៊ី។ ការតភ្ជាប់កាន់តែប្រសើរ អាចជំរុញពាណិជ្ជកម្ម បង្កើតទីផ្សារថ្មី និងបង្កើនឱកាសអភិវឌ្ឍសម្រាប់ប្រទេសក្នុងតំបន់។ ក្នុងន័យនេះ ប៊ីស្កេក ២០២៦ មិនគួរត្រូវបានមើលឃើញត្រឹមជាកិច្ចប្រជុំប្រារព្ធខួប២៥ឆ្នាំរបស់ SCO ទេ ប៉ុន្តែជាឱកាស សម្រាប់បង្កើន«ស្មារតីសៀងហៃ» បន្តបម្លែងទៅជាកិច្ចសហប្រតិបត្តិការដែលមានលទ្ធផលជាក់ស្តែងបានកាន់តែប្រសើរឡើង។
ក្រៅពីវិស័យនយោបាយនិងសន្តិសុខ កម្លាំងសេដ្ឋកិច្ចក៏កំពុងក្លាយជា មូលដ្ឋានសំខាន់មួយនៃឥទ្ធិពលរបស់ SCO។ ជាក់ស្តែង ប្រទេសសមាជិកទាំង១០របស់ SCO រួមគ្នាតំណាងឱ្យប្រមាណ៤២%នៃប្រជាជនពិភពលោក និង ប្រហែល ២៣–២៥% នៃ GDP របស់ពិភពលោក។ ទំហំសេដ្ឋកិច្ចនេះមានសារៈសំខាន់ជាពិសេស ព្រោះ SCO រួមបញ្ចូលសេដ្ឋកិច្ចធំៗដូចជា ចិន ឥណ្ឌា និងរុស្ស៊ី ព្រមទាំងសេដ្ឋកិច្ចដែលកំពុងមានកំណើនលឿននៅអាស៊ីកណ្តាល។ ក្នុងន័យនេះ កម្លាំងរបស់SCOមិនស្ថិតនៅត្រឹមទំហំ GDP បច្ចុប្បន្នទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងសក្តានុពលនៃការរីកចម្រើន ការតភ្ជាប់ទីផ្សារ ថាមពល ធនធានធម្មជាតិ បច្ចេកវិទ្យា និងទីផ្សារអ្នកប្រើប្រាស់ដ៏ធំ។
ក្នុងចំណោមប្រទេសសមាជិកអាស៊ីកណ្តាលក៏កំពុងបង្ហាញសន្ទុះសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ ឧទាហរណ៍ សេដ្ឋកិច្ចកៀហ្ស៊ីស៊ីស្ថាន បានកត់ត្រាកំណើនGDP ១១.១% ក្នុងឆ្នាំ២០២៥។ និន្នាការនេះបង្ហាញថា កិច្ចសហប្រតិបត្តិការSCO កំពុងផ្លាស់ប្តូរពីការផ្តោតលើសន្តិសុខទៅកាន់ការបង្កើតកម្លាំងជំរុញសេដ្ឋកិច្ច និងការតភ្ជាប់ ក្នុងតំបន់។ ការរួមបញ្ចូល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ភស្តុភារកម្ម ពាណិជ្ជកម្ម ឌីជីថល និងហិរញ្ញវត្ថុ អាចបង្កើតខ្សែសង្វាក់តម្លៃថ្មី និងបើកទីផ្សារថ្មីនៅទូទាំងអឺរ៉ាស៊ី។
ជារួមពិភពលោកបានយល់ច្បាស់ថា «ស្មារតីសៀងហៃ» មិនមែនជាជញ្ជាំងបែងចែកពិភពលោកជាប្លុកទេ ប៉ុន្តែជាស្ពានសម្រាប់ភ្ជាប់ប្រទេសដែលមានភាពដោយឡែកពីគ្នា និងលក្ខណៈពិសេសរៀងៗខ្លួន តាមរយៈការជឿទុកចិត្ត ការពិគ្រោះយោបល់ ភាពជាដៃគូ សន្តិសុខរួម និងការអភិវឌ្ឍរួម។ ដោយមានប្រទេសចិនជាស្នូល នោះ គោលការណ៍ទាំងនេះ តែងត្រូវបានអនុវត្តកាន់តែជាក់ស្តែង ដែលបានក្លាយជាចលករជូនដល់ SCO បន្តបំពេញតួនាទីយ៉ាងសំខាន់ និងកាន់តែមានភាពបុរេសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការអឺរ៉ាស៊ី និងពហុភាគីនិយមក្នុងសតវត្សរ៍ទី២១៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
