ជនជាតិឥណ្ឌូណេស៉ី ៨នាក់ រងការចោទប្រកាន់ថាត្រូវបានគេបោកបញ្ឆោត ឱ្យក្លាយជាទាហានរុស្ស៉ី (Video inside)
02-09-2026 16:37
(ហ្សាការតា)៖ យោងតាមព័ត៌មានស៉ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ដែលបានចែករំលែកជាមួយរដ្ឋាភិបាលឥណ្ឌូណេស៉ី ពលរដ្ឋឥណ្ឌូណេស៉ី ចំនួន ៨នាក់ ត្រូវបានជ្រើសរើសឱ្យទៅធ្វើជាទាហានរុស្ស៉ី ដោយប្រើលេសដែលគេអះអាងថា ជាការបោកបញ្ឆោត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នាថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦។
សេវាស៉ើបការណ៍សម្ងាត់បរទេស FISU របស់អ៊ុយក្រែន បានឱ្យដឹងថា ពួកគេត្រូវបានគេចោទប្រកាន់ថា បានចាញ់បោកការសន្យាថា នឹងទទួលបានការងារប្រាក់ខែខ្ពស់ ប៉ុន្តែក្រោយមកត្រូវបានជ្រើសរើស ឱ្យចូលបម្រើក្នុងជួរកងទ័ពរុស្ស៉ី។
«រុស្ស៉ីនៅតែបន្តជ្រើសរើសជនបរទេសជាប្រព័ន្ធ ដើម្បីចូលរួមប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ហើយឥណ្ឌូណេស៉ីគឺជាឧទាហរណ៍ថ្មីនៃនិន្នាការនេះ»។ នេះជាការបញ្ជាក់របស់ FISU នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា។ FISU មិនបានបញ្ជាក់ច្បាស់ទេ ថាតើប្រជាជនឥណ្ឌូណេស៉ីទាំងនោះ បានចូលរួមធ្វើសង្គ្រាមនៅអ៊ុយក្រែនហើយឬនៅ។
លោក Sufmi Dasco Ahmad អនុប្រធានសភាតំណាងរាស្ត្រឥណ្ឌូណេស៉ី បានទទួលស្គាល់ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ថាព័ត៌មាននេះត្រូវបានចែករំលែកជាមួយឥណ្ឌូណេស៉ី។ លោកបានឱ្យដឹងថា អាជ្ញាធរស៉ើបការណ៍សម្ងាត់ និងក្រសួងការបរទេសឥណ្ឌូណេស៉ី បានសម្របសម្រួលគ្នាដើម្បីដោះស្រាយបញ្ហានេះ៕
