FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៉ី Anton Siluanov ថារុស្ស៉ី និងអាមេរិក មើលឃើញមូលដ្ឋានសម្រាប់ទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ (Video inside)

02-09-2026 16:16

(មូស្គូ)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៉ី លោក Anton Siluanov បាននិយាយថា កិច្ចសន្ទនារវាងរុស្ស៉ី និងសហរដ្ឋអាមេរិក គួរតែបន្តដើម្បីស្វែងរកចំណុចរួមក្នុងវិស័យសេដ្ឋកិច្ច ដែលវាអាចនឹងជួយសម្រួលដល់ការពិភាក្សាគ្នា លើបញ្ហានយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នាថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦។

នៅពេលត្រូវបានសួរអំពីជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ អំឡុងកិច្ចប្រជុំថ្នាក់ដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេស G20 នៅឯរដ្ឋ North Carolina លោក Siluanov និយាយថាប្រទេសទាំងពីរយល់ស្របគ្នាថា មានមូលដ្ឋានសម្រាប់អភិវឌ្ឍទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ ទោះបីជាមានភាពស្មុគស្មាញក៏ដោយ។

«ដូច្នេះ យើងត្រូវតែបន្តការសន្ទនាជានិច្ច។ ប្រសិនបើយើងរកឃើញចំណុចសំខាន់ៗដែលមានផលប្រយោជន៍រួម ហើយវាពិតជាមានមែននោះ យើងចាំបាច់ត្រូវអភិវឌ្ឍចំណុចទាំងនោះ។ ពេលនោះហើយ បញ្ហានយោបាយក៏នឹងកាន់តែងាយស្រួលដោះស្រាយដែរ»។ នេះបើតាមការគូសបញ្ជាក់របស់ លោក Siluanov។

យ៉ាងនេះក្តី ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទថា តាមប្រភពមួយដែលដឹងពីជំនួបនៃរដ្ឋមន្ត្រីទាំងពីរ លោក Bessent បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក Siluanov ថានឹងមិនមានការបន្ធូរបន្ថយផ្នែកសេដ្ឋកិច្ចសម្រាប់រុស្ស៉ី ឬកិច្ចព្រមព្រៀងលើបញ្ហាផ្សេងទៀតឡើយ ដរាបណាសង្គ្រាមនៅអ៊ុយក្រែនមិនទាន់បញ្ចប់៕