សហរដ្ឋអាមេរិក និងអូស្រ្តាលី សន្យាថវិកា៥៨០លានដុល្លារ សម្រាប់គាំទ្រដល់ប្រទេសកោះប៉ាស៉ីហ្វិក (Video inside)
02-09-2026 15:56
(ស៉ីដនី)៖ សហរដ្ឋអាមេរិក និងអូស្ត្រាលី បានប្រកាសនៅថ្ងៃពុធ ទី២ ខែកញ្ញា អំពីការផ្តល់មូលនិធិរួមគ្នាចំនួន ៥៨០លានដុល្លារ សម្រាប់បណ្តាប្រទេសកោះប៉ាស៉ីហ្វិក ខណៈប្រទេសទាំងពីរកំពុងប្រជែងជាមួយចិន ដើម្បីដណ្តើមឥទ្ធិពលនៅក្នុងតំបន់នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់់ងារសារព័ត៌មាន Reuters។
អូស្ត្រាលី ប្រកាសផ្តល់ថវិកា ៤៣០លានដុល្លារអាមេរិក សម្រាប់ការងារប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនក្នុងតំបន់ អំឡុងកិច្ចប្រជុំនៃវេទិកាកោះប៉ាស៉ីហ្វិក (Pacific Islands Forum) នៅប្រទេស Palau។ កញ្ចប់ថវិកានេះ រួមបញ្ចូលទាំងការផ្តល់មូលនិធិ សម្រាប់ការបង្កើនការឃ្លាំមើលតាមផ្លូវអាកាស និងការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីនគរបាល ក៏ដូចជាមន្ត្រីការពារព្រំដែន។
ដោយឡែក សហរដ្ឋអាមេរិកនឹងផ្តល់ថវិកា ១៥០លានដុល្លារដល់តំបន់ប៉ាស៉ីហ្វិកនេះ ដែលទឹកប្រាក់ ៦០លានដុល្លារ សម្រាប់ជួយប្រទេសនានាដោះស្រាយវិបត្តិថាមពលសកល តាមរយៈការបង្កើនសមត្ថភាពស្តុកទុកឥន្ធនៈ និងគាំទ្រដល់ស្ថិរភាពបណ្តាញអគ្គិសនី។
គួរបញ្ជាក់ថា Palau នឹងបន្តធ្វើជាម្ចាស់ផ្ទះនៃប្រជុំ រហូតដល់ថ្ងៃទី៤ ខែកញ្ញា ក្រោយចាប់ផ្តើមតាំងពីថ្ងៃទី៣០ ខែសីហា៕

