លោក Lai Ching-te ថាកញ្ចប់ថវិកាការពារជាតិធំបំផុតសម្រាប់ឆ្នាំ២០២៧ ឆ្លុះបញ្ចាំងពីការប្តេជ្ញាដើម្បីការពារតៃវ៉ាន់ (Video inside)
02-09-2026 15:25
(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ថាផែនការរបស់តៃវ៉ាន់ ដើម្បីបង្កើនកញ្ចប់ថវិកាការពារជាតិ សម្រាប់ឆ្នាំ២០២៧ ដល់លើស ១ទ្រីលានដុល្លារតៃវ៉ាន់ (ប្រហែល ៣១,៤៧ ពាន់លានដុល្លារអាមេរិក) ជាលើកដំបូង ឆ្លុះបញ្ចាំងឱ្យសហគមន៍អន្តរជាតិឃើញថា តៃវ៉ាន់មានការប្តេជ្ញាចិត្ត ក្នុងការពង្រឹងសមត្ថភាពការពារខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមមន្ត្រីយោធាក្នុងឱកាសទិវាកងទ័ពតៃវ៉ាន់ លោក Lai បាននិយាយថា ការត្រៀមខ្លួនបានល្អប្រសើរ នឹងនាំមកនូវសន្តិសុខកាន់តែរឹងមាំ។ លោកបានលើកឡើងដូច្នេះថា «មានតែតាមរយៈការបង្កើនសមត្ថភាពការពារជាតិ និងអំណាចរារាំងជាបន្តបន្ទាប់ប៉ុណ្ណោះ ទើបសន្តិសុខជាតិនិងសន្តិភាពក្នុងតំបន់ អាចត្រូវធានាបានកាន់តែប្រសើរ»។
លោក Lai បានបន្ថែមថា ថវិកាការពារជាតិដែលត្រូវបានស្នើសម្រាប់ឆ្នាំក្រោយ «បង្ហាញដល់សហគមន៍អន្តរជាតិ នូវការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ ក្នុងការពង្រឹងសមត្ថភាពការពារខ្លួន»។ មេដឹកនាំតៃវ៉ាន់រូបនេះបន្ថែមថា រដ្ឋាភិបាលនឹងបន្តអនុវត្ត គោលនយោបាយពឹងផ្អែកលើខ្លួនឯងក្នុងវិស័យការពារជាតិ អភិវឌ្ឍវិស័យឧស្សាហកម្មយោធា បញ្ញាសិប្បនិម្មិត (AI) និងយានគ្មានមនុស្សបើក ព្រមទាំងបង្កើនសមត្ថភាពជារួមរបស់តៃវ៉ាន់ ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនាពេលអនាគត។
ដោយឡែក នៅឯទីក្រុងប៉េកាំង អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានរិះគន់លោក Lai និងរដ្ឋបាលរបស់លោកថា កំពុងដុតបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នា និងគំនិតប្រឆាំងស្អប់គ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ហើយទន្ទឹមគ្នានោះ កំពុងចំណាយយ៉ាងខ្ជះខ្ជាយ នូវលុយកាក់ដែលប្រជាជនរកបានដោយលំបាក»។
អ្នកនាំពាក្យខាងលើ គឺលោកស្រី Zhang Han បាននិយាយក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ការប៉ុនប៉ងរបស់លោក Lai ដើម្បីប្រើកម្លាំងប្រឆាំងនឹងកិច្ចប្រឹងប្រែងបង្រួបបង្រួមគ្នា គឺគ្រាន់តែជាការប៉ាន់ស្មានខុសអំពីកម្លាំងរបស់ខ្លួនប៉ុណ្ណោះ ដែលនឹងនាំមកនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនតៃវ៉ាន់។ លោកស្រី Zhang បានបន្ថែមថា ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី គឺមិនអាចរង្គោះរង្គើបានឡើយ។ ដោយឡែក លោក Lai Ching-te ប្រកាន់ជំហរយ៉ាងមុតមាំថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចមានសិទ្ធិសម្រេចអំពីអនាគតរបស់តៃវ៉ាន់៕


