FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីកាណាដា៖ សហរដ្ឋអាមេរិកត្រូវតែចាប់ផ្តើមមានភាពប្រាកដប្រជា មុនពេលកិច្ចចរចាពាណិជ្ជកម្មអាចបន្តឡើងវិញ (Video inside)

02-09-2026 15:04

(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា លោក Mark Carney បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកត្រូវតែចាប់ផ្តើមមានភាពម៉ឺងម៉ាត់ និងបញ្ឈប់ការព្យាយាមតាំងខ្លួនធ្វើជាអ្នកខ្លាំង មុនពេលដែលកិច្ចចរចា ដើម្បីឆ្ពោះទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកាណាដា អាចចាប់ផ្តើមឡើងវិញបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA។

កាណាដាបានដើរចេញពីការចរចាស្តីពីកិច្ចព្រមព្រៀង ដើម្បីចៀសវាងការដាក់ពន្ធបន្ថែមរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទ ២១ ខែសីហា ដោយលើកឡើងថា ភាគីអាមេរិក បានដាក់សំណើដែលមិនអាចទទួលយកបាន នៅនាទីចុងក្រោយ។ ចាប់តាំងពីពេលនោះមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា បឹងអុនតារីយ៉ូ (Lake Ontario) គួរតែត្រូវប្តូរឈ្មោះទៅជា បឹងអាមេរិក (Lake America) និងថែមទាំងបានហៅ មេដឹកនាំកាណាដាថា ជាមេដឹកនាំអាក្រក់បំផុត ដែលលោកត្រូវដោះស្រាយជាមួយ ហើយបានចោទជាដដែលថា កាណាដាកំពុងកេងចំណេញលើសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានបង្ហោះរូបភាពបែបកំប្លែង ឬហៅថា meme ដែលបង្កើតដោយ AI បង្ហាញពីហ្វូងសត្វក្ងានកាណាដា មានម៉ូដសក់របស់លោក ដើរជាក្បួនដូចកងទ័ពនៅក្រោមទង់ជាតិអាមេរិក។

លោក Carney បាននិយាយថា នៅមានឱកាសដើម្បីសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្ម ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលគោរពអធិបតេយ្យរបស់កាណាដា។ លោក Carney បានបន្ថែមដូច្នេះថា «ហើយនៅពេលដែលភាគីអាមេរិកឈប់បង្ហោះ meme ឈប់ព្យាយាមធ្វើជាអ្នកខ្លាំង ហើយចាប់ផ្តើមមានភាពម៉ឺងម៉ាត់ អំពីការបើកកិច្ចពិភាក្សាគ្នាឡើងវិញ ទើបយើងអាចមានការពិភាក្សាទាំងនោះ»។ លោកនាយករដ្ឋមន្រ្តីកាណាដា បានបន្តថា សកម្មភាពថ្មីៗនេះរបស់សហរដ្ឋអាមេរិក គឺមិនមានលក្ខណៈស្ថាបនាឡើយ។

គួរបញ្ជាក់ថា ក្រុមមន្រ្តីអាមេរិក បានចេញមុខតវ៉ាចំពោះចំណុចខ្លះនៃការអះអាងរបស់កាណាដា ពាក់ព័ន្ធមូលហេតុដែលធ្វើឱ្យកិច្ចចរចាបានដួលរលំ ដោយនិយាយថា តាមពិតមានកិច្ចព្រមព្រៀងល្អមួយនៅលើតុ ដែលអាចត្រូវសម្រេចបាន។ ប៉ុន្តែលោក Carney បាននិយាយថា រដ្ឋាភិបាលទីក្រុងអូតាវ៉ា មិនដែលទទួលបានអារម្មណ៍ថា លក្ខខណ្ឌនានាដែលបានស្នើឡើង នឹងគ្រប់គ្រាន់នោះទេ ជាពិសេសនៅពេលនិយាយអំពីវិស័យរថយន្ត ដែលមានភាពប្រទាក់ប្រឡាគ្នាខ្លាំង៕