នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចូលចតនៅប្រទេសថៃ បន្ទាប់ពីធ្វើប្រតិបត្តិការនៅសមុទ្រអស់រយៈពេលជាច្រើនខែ (Video inside)
02-09-2026 14:40
(បាងកក)៖ នាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក USS Abraham Lincoln បានមកដល់ប្រទេសថៃ នាថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ការចូលចតនៅកំពង់ផែជាលើកដំបូង ក្នុងរយៈពេល៩ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
នាវា USS Abraham Lincoln ដែលមាននាវិកនិងទាហានម៉ារីនអាមេរិកសរុបប្រមាណ ៥០០០ នាក់ នៅលើនោះ និងដែលបានធ្វើដំណើរមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងឆ្ពោះទៅកាន់ទីក្រុងរមណីយដ្ឋាន Pattaya របស់ថៃ ដែលជាកន្លែងសម្រាប់កងទ័ពអាមេរិកសម្រាកនិងកម្សាន្ត ចាប់តាំងពីសម័យសង្គ្រាមវៀតណាមមក។
នាវាផ្ទុកយន្តហោះចម្បាំង Lincoln បានចាកចេញពីរដ្ឋកាលីហ្វ័រញ៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបំពេញបេសកកម្ម នៅសមុទ្រចិនខាងត្បូង ប៉ុន្តែក្រោយមកវាត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា មុនពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពី៦ខែមុន។
របាយការណ៍អំពីស្ថានភាពរស់នៅដែលកាន់តែយ៉ាប់យ៉ឺន និងបញ្ហាសុខភាពផ្លូវចិត្តនៅលើនាវា ក្នុងនោះរួមមានទាំងករណីប៉ុនប៉ងធ្វើអត្តឃាត បានក្លាយជាព័ត៌មានក្តៅគគុកនៅឯសហរដ្ឋអាមេរិក និងបានបង្កការរិះគន់ចំពោះសង្គ្រាមប្រឆាំងអ៉ីរ៉ង់ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។
ទីក្រុង Pattaya ត្រូវគេស្គាល់ថា មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមភ្ញៀវទេសចរបរទេស ជាពិសេសដោយសារឆ្នេរសមុទ្រ និងកន្លែងកម្សាន្តពេលរាត្រី ដែលជាយូរមកហើយត្រូវបានរិះគន់ពាក់ព័ន្ធនឹងទេសចរណ៍ផ្លូវភេទ។ អភិបាលក្រុង Pattaya លោក Poramase Ngampiches បានប្រាប់ AFP ក្នុងសប្តាហ៍នេះថា អាជ្ញាធរបានបង្ក្រាបសកម្មភាពពាក់ព័ន្ធអ្នករកស៊ីផ្លូវភេទ នាពេលថ្មីៗនេះ ប៉ុន្តែលោកបានបដិសេធថា វាមិនមានជាប់ទាក់ទងនឹងការមកដល់របស់ទាហានអាមេរិកឡើយ។ កាលពីថ្ងៃអង្គារ នៅខាងក្រៅបារមួយកន្លែងក្នុងទីក្រុងរមណីយដ្ឋាននេះ គេឃើញមានផ្លាកមួយដែលសរសេរខ្លឹមសារស្វាគមន៍ និងអរគុណចំពោះកងទ័ពអាមេរិក។
គួរបញ្ជាក់ថា នាវា Lincoln ត្រូវបានជំនួសនៅមជ្ឈិមបូព៌ាដោយនាវាផ្ទុកយន្តហោះចម្បាំង USS George Washington ដែលមុននោះបានស្ថិតនៅប្រទេសជប៉ុន ខណៈសង្គ្រាមរវាងអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់ កំពុងបន្តអូសបន្លាយ។ បន្ទាប់មក នាវា George Washington ក៏នឹងត្រូវបានជំនួសផងដែរ ដោយនាវាផ្ទុកយន្តហោះចម្បាំង១គ្រឿងទៀត គឺ USS Theodore Roosevelt ដែលគ្រោងនឹងចាកចេញពីទីក្រុង San Diego ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
សហរដ្ឋអាមេរិក បានរក្សាវត្តមាននាវាផ្ទុកយន្តហោះ១គ្រឿង ឱ្យស្ថិតនៅសមុទ្រអារ៉ាប់ សម្រាប់បេសកកម្មវាយប្រហារលើអ៉ីរ៉ង់ ចាប់តាំងពីអាមេរិកនិងអ៉ីស្រាអែល បានរួមដៃគ្នាបំផ្ទុះសង្គ្រាម កាលពីចុងខែកុម្ភៈ ហើយក្រោយមកសម្រាប់ប្រើដើម្បីអនុវត្ត ការបិទខ្ទប់ផ្លូវសមុទ្រចំពោះកំពង់ផែអ៉ីរ៉ង់៕


