ប្រធានសភាអ៉ីរ៉ង់ អំពាវនាវឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ចំពោះមុខការបិទខ្ទប់និងទណ្ឌកម្មរបស់អាមេរិក (Video inside)
02-09-2026 13:18
(តេហេរ៉ង់)៖ មន្ត្រីកំពូលមួយរូបរបស់អ៉ីរ៉ង់ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យកាត់បន្ថយការប្រើប្រាស់ប្រេងសាំង ខណៈដែលប្រទេសកំពុងប្រឈមនឹង ការលំបាកក្នុងការនាំចូលប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ដោយសារការបិទផ្លូវសមុទ្ររបស់កងទ័ពជើងទឹកអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Mohammad Bagher Ghalibaf ដែលប្រធានសភា និងជាអ្នកដឹកនាំកិច្ចប្រឹងប្រែងចរចារបស់អ៉ីរ៉ង់ បានថ្លែងតាមទូរទស្សន៍ថា «ជាការពិត មួយផ្នែកនៃការទទួលខុសត្រូវ ចំពោះការប្រើប្រាស់ខ្ពស់នាពេលនេះ មិនមែនស្ថិតនៅលើប្រជាជនរបស់យើងទេ ប៉ុន្តែនៅលើវិស័យឧស្សាហកម្មរបស់យើង។ ទោះជាយ៉ាងណា អ្វីដែលច្បាស់នោះគឺ យើងត្រូវចូលរួមសន្សំសំចៃប្រេងសាំង ក្នុងការប្រើប្រាស់របស់យើង»។
ទីក្រុងវ៉ាស៊ីនតោន បានអនុវត្តការបិទខ្ទប់ផ្លូវសមុទ្រចំពោះកំពង់ផែនានារបស់ប្រទេសអ៉ីរ៉ង់ ដើម្បីជាការសងសឹកចំពោះការដែលទីក្រុងតេហេរ៉ង់ បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវសមុទ្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នពីតំបន់ឈូងសមុទ្រអារ៉ាប់។ ទន្ទឹមគ្នា សហរដ្ឋអាមេរិក ក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីៗ ដែលមានវិសាលភាពទូលំទូលាយ ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចអ៉ីរ៉ង់កាន់តែឯកោផងដែរ។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានរថយន្តតម្រង់ជួរយ៉ាងវែងអន្លាយ នៅតាមស្ថានីយប្រេងសាំងក្នុងរដ្ឋធានីតេហេរ៉ង់។ អនុប្រធានាធិបតីអ៉ីរ៉ង់ លោក Mohammad Jafar Ghaempanah បាននិយាយកាលពីសប្តាហ៍មុនថា ការផលិតប្រេងសាំងក្នុងស្រុកគឺមិនគ្រប់គ្រាន់ ហើយដោយសារការបិទផ្លូវសមុទ្ររបស់អាមេរិក អ៉ីរ៉ង់មិនអាចនាំចូលប្រេងសាំងបាន។
រីឯប៉ុន្មានថ្ងៃមុន ប្រធានខុទ្ទកាល័យរបស់ប្រធានាធិបតីអ៉ីរ៉ង់ក៏បាននិយាយថា កូតាប្រេងសាំង នឹងត្រូវពិនិត្យមើលឡើងវិញ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក Ghalibaf បាននិយាយថា ការសន្សំសំចៃប្រេងឥន្ធនៈ ទាមទារឱ្យមានការចូលរួមជាមួយគ្នា ហើយប្រាកដណាស់ ត្រូវការកិច្ចសហការពីប្រជាជន។ លោកបានបន្ថែមថា «ប្រសិនបើយើងប្រើប្រាស់វាឱ្យបានត្រឹមត្រូវ យើងអាចគ្រប់គ្រងស្ថានការណ៍បាន ជាមួយបរិមាណប្រេងសាំងដែលយើងផលិតក្នុងប្រទេស»។
ខណៈប្រជាជនអ៉ីរ៉ង់ជាច្រើន កំពុងរងសម្ពាធពីអតិផរណាដែលកំពុងកើនឡើងខ្លាំង និងអនាគតសេដ្ឋកិច្ចកាន់តែអាប់អួរ ដែលត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ដោយសារសង្គ្រាម លោក Ghalibaf ក៏បានប្រកាសផែនការពង្រីកកម្មវិធីឧបត្ថម្ភធន ផងដែរ។ ការផ្ទុះបាតុកម្មដោយសារបញ្ហាសេដ្ឋកិច្ចកាលពីខែធ្នូ ឆ្នាំ២០២៥ បានវិវត្តទៅជាចលនាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ ដែលឈានដល់ចំណុចកំពូល នៅខែមករា ដើមឆ្នាំនេះ មុនពេលត្រូវបានបង្ក្រាបយ៉ាងចាស់ដៃ និងបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។
គួរបញ្ជាក់ថា លោក Ghalibaf បានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារថា សុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពចម្បង។ លោកបានលើកឡើងដូច្នេះថា «ជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់យើងក្នុងនាមជាមន្ត្រី គួរតែផ្តោតលើការសម្រាលសម្ពាធលើប្រជាជន ដើម្បីកាត់បន្ថយការមិនពេញចិត្ត ព្រោះការពេញចិត្តរបស់ប្រជាជន គឺជាគោលការណ៍សំខាន់បំផុតមួយសម្រាប់យើង»៕


