FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នេប៉ាល់ អំពាវនាវឱ្យអន្តរជាតិ ផ្តោតលើបញ្ហាបម្រែបម្រួលអាកាសធាតុ បន្ថែមលើការផ្តល់ជំនួយ ពាក់ព័ន្ធគ្រោះមហន្តរាយទឹកជំនន់ព្រំដែននេប៉ាល់ និងចិន (Video inside)

02-09-2026 11:52

(កដ្ឋមណ្ឌូ)៖ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Shisir Khanal បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ថាការបាក់ស្រុតរអិលផ្ទាំងទឹកកកនៅក្នុងប្រទេសនេប៉ាល់ បង្កឱ្យមានគ្រោះទឹកជំនន់ដ៏មហន្តរាយនោះ គឺជា «សញ្ញាព្រមាន» អំពីហានិភ័យដែលកំពុងកើនឡើង បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ សម្រាប់ប្រទេសដែលស្ថិតនៅតំបន់ជួរភ្នំហិម៉ាឡៃមួយនេះ។

ការលើកឡើងរបស់លោក Khanal កើតមានឡើង ជិត ១សប្តាហ៍ក្រោយហេតុការណ៍ទឹកហូរចុះពីភ្នំយ៉ាងគំហុក នាំមកជាមួយថ្ម និងកម្ទេចកម្ទីផ្សេងៗ បង្កជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅឯព្រំដែនេប៉ាល់ និងចិន បណ្តាលឱ្យមនុស្សស្លាប់ជាង ១ ០០០នាក់ ហើយជិត ៤ ៥០០នាក់កំពុងបាត់ខ្លួននៅឡើយ។

ក្នុងកិច្ចសម្ភាសជាមួយ AFP លោក Khanal បានអំពាវនាវរកការគាំទ្រពីអន្តរជាតិ ដែលផ្អែកលើគោលការណ៍យុត្តិធម៌ផ្នែកអាកាសធាតុ ជាជាងមើលតែមួយជ្រុងលើការផ្តល់ជំនួយសប្បុរស ដោយលោកបានលើកឡើងថា ប្រទេសរបស់លោកដែលមានប្រជាជន ៣០លាននាក់ និងមានលក្ខណៈជាសង្គមជនបទនោះ បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចប៉ុណ្ណោះ បើធៀបនឹងបណ្តាប្រទេសដែលមានឧស្សាហកម្មរីកចម្រើន។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រោះមហន្តរាយនេះ គួរតែត្រូវបានចាត់ទុកជាសញ្ញាព្រមានមួយ អំពីហានិភ័យនៃកត្តាប្រែប្រួលអាកាសធាតុ ចំពោះនេប៉ាល់។ យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ចាត់ទុកការប្រែប្រួលអាកាសធាតុនៅតំបន់ហិម៉ាឡៃ ជាបញ្ហាដ៏បន្ទាន់មួយ»

គួរបញ្ជាក់ថា បើទោះបីជាមូលហេតុពិតប្រាកដនៃបាក់ស្រុតរអិលផ្ទាំងទឹកកក នៅមិនទាន់ច្បាស់លាស់ក៏ដោយ ប៉ុន្តែបម្រែបម្រួលអាកាសធាតុ កំពុងបណ្តាលឱ្យផ្ទាំងទឹកកករលាយនៅទូទាំងពិភពលោក បង្កើនហានិភ័យនៃគ្រោះមហន្តរាយរបៀបនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ផ្ទាំងទឹកកកនៅតំបន់ជួរភ្នំហិម៉ាឡៃ ដែលជាជួរភ្នំខ្ពស់ជាងគេបំផុតលើពិភពលោក កំពុងរលាយកាន់តែលឿន នៅពេលដែលផែនដីកាន់តែឡើងកម្តៅ៕