FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃប្រេងឆៅវិលទៅកម្រិតជាង ៩០ដុល្លារក្នុងមួយបារ៉ែល ចំពោះមុខការវាយប្រហារដាក់គ្នាថ្មីៗរវាងអាមេរិក និងអ៉ីរ៉ង់ (Video inside)

02-09-2026 11:39

(Reuters)៖ មកដល់ថ្ងៃពុធ ទី២ ខែកញ្ញា តម្លៃប្រេងអន្តរជាតិបានបន្តហក់ឡើង ខណៈក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ចេះតែកើន ក្រោយសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បើកការវាយប្រហារដាក់គ្នាទៅវិញទៅមក នាំឱ្យក្តីរំពឹងទុកពីការបន្ធូរបន្ថយភាពតានក្នុងតំបន់មជ្ឈិមបូព៌ា ថយចុះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃជាង ៩៥ដុល្លារក្នុងមួយបារ៉ែល នៅដើមវគ្គជួញដូរថ្ងៃពុធនេះ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃជាង ៩១ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរនេះបានកើន ៤ដុល្លារ កាលពីថ្ងៃអង្គារ ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែកក្កដាមក។

សហរដ្ឋអាមេរិក បានប្រកាសពីការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ ទៅលើគោលដៅនានាក្នុងប្រទេសអ៉ីរ៉ង់កាលពីយប់មិញ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានគំរាមរឹតត្បិតការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ថែមទៀត ជាមួយការអះអាងថា បានវាយប្រហារមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសហ្ស៊កដានី បាញ់ស្រោចដ្រូនលើមូលដ្ឋានអាមេរិកក្នុងប្រទេសបារ៉ែន ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក។

នេះគឺជាការប៉ះទង្គិចគ្នាថ្មី បន្ទាប់ពីការកើនឡើងភាពតានតឹងនៅចុងសប្តាហ៍ ហើយក្រោយពេលមានការវាយប្រហារលើនាវាដឹកប្រេង ២គ្រឿង ដែលកំពុងធ្វើដំណើរចេញពីច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទ ដែលបង្កឱ្យមានផលរំខានថែមទៀតដល់ការផ្គត់ផ្គង់ប្រេង និងបង្ខំឱ្យពាណិជ្ជករស្វែងរកជម្រើសផ្សេងទៀតសម្រាប់ការដឹកជញ្ជូនប្រេងឆៅ៕