FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មជនហុងកុងដ៏លេចធ្លោ លោក Joshua Wong សារភាពទទួលកំហុសពីបទចោទគប់គិតជាមួយបរទេស (Video inside)

02-09-2026 11:02

(ហុងកុង)៖ សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ក្នុងទីក្រុងហុងកុង លោក Joshua Wong នៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ បានសារភាពទទួលកំហុសលើបទចោទគប់គិតជាមួយបរទេស ជាបទល្មើសព្រហ្មទណ្ឌមួយនៅក្រោមច្បាប់សន្តិសុខជាតិដែលអាចឱ្យលោកប្រឈមមុខនឹងទោសអតិបរមាជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Joshua Wong មានអាយុ ២៩ឆ្នាំ ជាសកម្មជនប្រជាធិបតេយ្យម្នាក់តាំងពីនៅវ័យជំទង់ និងស្ថិតក្នុងចំណោមសកម្មជនជាច្រើននាក់ទៀតដែលបានចូលរួមធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលឥលូវត្រូវបានហាមឃាត់ដោយច្បាប់សន្តិសុខជាតិដែលទីក្រុងប៉េកាំងដាក់ឱ្យប្រើក្នុងទីក្រុងហុងកុងកាលពីឆ្នាំ២០២០។ ដោយស្លៀកអាវយឺតពណ៌ខៀវចាស់ និងពាក់វែនតាពណ៌ខ្មៅ លោក Wong បានសារភាពទទួលស្គាល់កំហុសនៅចំពោះមុខចៅក្រមនៅឯតុលាការជាន់ខ្ពស់មួយក្នុងទីក្រុងហុងកុង។ ក្រុមមន្ត្រីការទូតលោកខាងលិចជាច្រើននាក់ក៏បានចូលរួមក្នុងសវនាការនោះដែរ។

បើតាមឯកសារចោទប្រកាន់មួយដែល Reuters បានឃើញ លោក Wong ត្រូវបានចោទប្រកាន់លើបទចោទជាច្រើនក្នុងនោះរួមមានការសមគំនិតជាមួយសកម្មជនរស់នៅនិរទេសខ្លួនឈ្មោះ Nathan Law និងសកម្មជនជាច្រើននាក់ផ្សេងទៀត ដើម្បីទាមទារឱ្យបរទេស ស្ថាប័ន និងអង្គការអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬអនុវត្តការបិទខ្ទប់ប្រឆាំងចិន។ ឯកសារដដែលបានឱ្យដឹងទៀតថាសកម្មភាពទាំងនេះប្រឆាំងនឹងចិន ឬទីក្រុងហុងកុង រួមជាមួយសកម្មភាពអរិភាពដទៃទៀតត្រូវបានប្រព្រឹត្តក្នុងឆ្នាំ២០២០ ពោលនៅចន្លោះពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។

គួរបញ្ជាក់ថា ការសារភាពទទួលកំហុសរបស់លោក Wong ធ្វើឡើង បន្ទាប់ពីសកម្មជនប្រជាធិបតេយ្យ ២នាក់ផ្សេងទៀត ក្នុងទីក្រុងហុងកុង ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធលើបទចោទញុះញង់ឱ្យមានសកម្មភាពប្រឆាំងអាជ្ញាធរកាលពីខែសីហាកន្លងទៅ ក្រោយអ្នកទាំង២បានប្រើប្រាស់ប្រយោគ «បិទបញ្ចប់ប្រព័ន្ធឯកគណបក្សផ្ដាច់ការ» នៅក្នុងការធ្វើសកម្មភាពនយោបាយរបស់ពួកគេ៕