វិមានក្រឹមឡាំង៖ លោក ពូទីន លោក ស៊ី ជីនពីង និងលោក ត្រាំ ប្រហែលអាចមានជំនួបត្រីភាគី នៅខែវិច្ឆិកា (Video inside)
02-09-2026 10:04
(មូស្គូ)៖ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រហែលជាអាចនឹងជួបគ្នានៅឯកិច្ចប្រជុំត្រីភាគីមួយ នាឱកាសចូលរួមកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលគ្រោងនឹងប្រព្រឹត្តទៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅពេលត្រូវបានសាកសួរពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំត្រីភាគីដោយទូរទស្សន៍រដ្ឋរុស្ស៉ី កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក Ushakov បានឆ្លើយថា ពិតណាស់ បញ្ហានេះត្រូវបានពិភាក្សា។ លោកបន្ថែមថាមេដឹកនាំនៃប្រទេសទាំង៣ ត្រូវបានរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហើយប្រសិនបើអ្វីៗកើតឡើងដូចដែលបានលើកឡើង នោះមេដឹកនាំទាំង៣ ប្រហែលជាអាចនឹងមានជំនួបត្រីភាគី។
លោក Ushakov ធ្វើការកត់សម្គាល់ខាងលើចេញពីទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៉ីស៊ីស្ថានជាទីដែលលោក ពូទីន និងលោក ស៊ី ជីនពីង បានចូលរួមកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។
គួរបញ្ជាក់ថា រុស្ស៉ី ចិន និងសហរដ្ឋអាមេរិកគឺជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC ដែលមានសមាជិកសរុប២១ប្រទេស ហើយទីក្រុង Shenzhen របស់ចិននឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។ ជុំវិញការលើកឡើងរបស់លោក Ushakov ផងដែរ អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានបញ្ជាក់ថាខាងសេតវិមានមិនមានអ្វីត្រូវប្រកាសឱ្យដឹងពាក់ព័ន្ធនឹងការចូលរួមរបស់លោក ត្រាំ នៅឯកិច្ចប្រជុំ APEC នៅឡើយទេក្នុងពេលនេះ៕





