FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក បើកការវាយប្រហារជាថ្មីទៀតលើអ៉ីរ៉ង់ ខណៈតេហេរ៉ង់គំរាមរាំងខ្ទប់ការនាំចេញប្រេងចេញពីតំបន់

02-09-2026 09:17

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសសាជាថ្មីប្រឆាំងនឹងអ៉ីរ៉ង់ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយជំរុញឱ្យអ៉ីរ៉ង់សងសឹកវិញ និងព្រមានថារាំងខ្ទប់មិនឱ្យប្រេងសូម្បីមួយតំណក់ត្រូវបាននាំចេញពីតំបន់ឈូងសមុទ្រពែក្ស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក​បានឱ្យដឹងកាលពីថ្ងៃអង្គារថាខ្លួនបានបើកការវាយប្រហារប្រឆាំងនឹងគោលដៅរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងនោះរួមមានទាំងទីតាំងប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធរ៉ាដា ទូរគមនាគមន៍ និងបរិក្ខារដាក់ពង្រាយមីនសមុទ្រ។ ការវាយប្រហារនេះដែរកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ កាលពីថ្ងៃចន្ទ បានបើកការវាយប្រហារសងសឹកដាក់គ្នាជាលើកដំបូងចាប់តាំងពីខែកក្កដាមក។ តាមកាកបាទក្រហមអ៉ីរ៉ង់ មនុស្ស៥នាក់ត្រូវបានសម្លាប់ និង៥០នាក់បានរងរបួសនៅក្នុងការវាយប្រហារនៅក្បែរទីក្រុង Sirik ជាទីក្រុងឆ្នេរមួយស្ថិតនៅក្បែរច្រកសមុទ្រ Hormuz។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ Mehr បានរាយការណ៍ថាក្មេងអាយុ ៤ឆ្នាំម្នាក់ក៏បានស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកផងដែរ។ តែសហរដ្ឋអាមេរិកមិនបានបញ្ចេញប្រតិកម្មអ្វីឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍របស់អ៉ីរ៉ង់នោះទេ។ ព្រមពេលជាមួយគ្នា ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf ដោយត្រូវបានស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានគំរាមថាប្រសិនបើសហរដ្ឋអាមេរិកចង់រារាំងមិនឱ្យអ៉ីរ៉ង់នាំចេញប្រេងចេញពីតំបន់ឈូងសមុទ្រពែក្ស នោះអ៉ីរ៉ង់ក៏រារាំងមិនឱ្យប្រទេសផ្សេងទៀតក្នុងតំបន់នាំប្រេងចេញដូចគ្នាដែរ។ អ៉ីរ៉ង់ក៏បានវាយប្រហារសងសឹកវិញដែរលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី បារ៉ែន និងអ៉ីរ៉ាក់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ការសម្លុតគំរាមវាយប្រហារ និងទណ្ឌកម្មសេដ្ឋកិច្ចហាក់មិនទាន់អាចកែប្រែគោលជំហររបស់អ៉ីរ៉ង់បាននៅឡើយទេ ក្នុងពេលដែលតេហេរ៉ង់បានជាប់ទណ្ឌកម្មធ្ងន់ធ្ងរ ជិតកន្លះស.វមកហើយ៕