អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី ចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះ ១៤គ្រួសារ នៅឃុំគារ
01-09-2026 22:33
(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតចំនួន ១៤គ្រួសារ មកពីភូមិចំនួន៤ ក្នុងឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
សកម្មភាពនេះធ្វើឡើងតាមអនុសាសន៍របស់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ឡុង សុភឺន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់លោក សុខ លូ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយមិនប្រកាន់និន្នាការណាមួយឡើយ។
លោកក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យល្អ បរិភោគស្អាត ផឹកស្អាត រស់នៅស្អាត ព្រមទាំងចូលរួមថែរក្សាបរិស្ថាន និងជីវៈចម្រុះ។
លោក ឡុង សុភឺន បានគូសបញ្ជាក់ថា ទោះបីជាមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមឱ្យប្រជាពលរដ្ឋខិតខំជម្នះការលំបាក តស៊ូ ជំរុញកូនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយភាពក្រីក្រ។ ជាការឆ្លើយតប ប្រជាពលរដ្ឋទាំង ១៤គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ១កេស ឃីត ១កញ្ចប់ (មុង ភួយ កន្ទេល ខ្នើយ) និងថវិកាមួយចំនួន។ ដោយឡែកគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១គ្រួសារ បានទទួលបន្ថែមស័ង្កសីចំនួន ១០សន្លឹក ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕











