តួលេខអ្នកស្លាប់ដោយសារទឹកជំនន់នៅនេប៉ាល់ និងចិន កើនលើស ១,០០០នាក់ ខណៈជាង ៤ពាន់នាក់កំពុងបាត់ខ្លួន
01-09-2026 20:49
(កដ្ឋមណ្ឌុ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ បានប្រកាសនៅថ្ងៃអង្គារថា គ្រោះទឹកជំនន់ដ៏មហន្តរាយនៅតាមបណ្តោយព្រំដែនចិន-នេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៨៧នាក់នៅក្នុងប្រទេសនេប៉ាល់។ បូករួមនឹងអ្នកស្លាប់ ១៦នាក់នៅតំបន់ទីបេ នៃប្រទេសចិន តួលេខអ្នកស្លាប់សរុបបានកើនឡើងដល់ ១,០០៣នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
ស្របពេលដែលប្រតិបត្តិការរុករកឈានចូលដល់ថ្ងៃទី៧ ចំនួនអ្នកបាត់ខ្លួននៅនេប៉ាល់បានថយចុះមកនៅត្រឹម ៣,៩១៦នាក់ ដោយសារសាកសពជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់ ខណៈនៅចិនមានអ្នកបាត់ខ្លួន ៥៤៦នាក់ ដែលធ្វើឱ្យតួលេខអ្នកបាត់ខ្លួនសរុបមានដល់ទៅ ៤,៤៦២នាក់។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្នុងចំណោមអ្នកបាត់ខ្លួន មានជនបរទេសរាប់រយនាក់មកពីជាង ៣០សញ្ជាតិ។ ជនជាតិឥណ្ឌាមានចំនួនច្រើនជាងគេ (គឺជាង ៤០០នាក់) បន្ទាប់មកគឺពលរដ្ឋអាមេរិក (៨៥នាក់) អ៊ុយក្រែន (៦២នាក់) ម៉ាឡេស៊ី (៥១នាក់) អូស្ត្រាលី (៤២នាក់) និងអង់គ្លេស (៣៣នាក់)។
ដោយឡែក អាជ្ញាធរឥណ្ឌានៅរដ្ឋ Uttar Pradesh ក៏បានស្រង់សាកសពចំនួន ១៧នាក់ ចេញពីទន្លេដែលហូរមកពីប្រទេសនេប៉ាល់ផងដែរ ដែលសង្ស័យថាជាជនរងគ្រោះក្នុងគ្រោះទឹកជំនន់នេះ ប៉ុន្តែសាកសពទាំងនេះមិនទាន់ត្រូវបានរាប់បញ្ចូលក្នុងតួលេខផ្លូវការនៅឡើយទេ ខណៈការកំណត់អត្តសញ្ញាណកំពុងដំណើរការ៕


