ក្រសួងទេសចរណ៍ បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃជាតិជាង៨០០នាក់ ស្របតាមស្តង់ដាអាស៊ាន
01-09-2026 20:38
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «សិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន (ASEAN MRA-TP) ឆ្នាំ២០២៦»។
ក្នុងឱកាសនេះ លោក ហួត ហាក់ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមជ័យលាភីចំនួន ១៤៥រូប ក្នុងនោះស្ត្រី ៦៦រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៧ថ្ងៃដោយជោគជ័យ និងក្លាយជាគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ស្របតាមស្តង់ដាអាស៊ាន។
លោកបានបញ្ជាក់ថា គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិទាំងនេះ នឹងបន្តចែករំលែកចំណេះដឹង បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់សិស្ស និស្សិត និងបុគ្គលិកនៅតាមអង្គភាពរៀងៗខ្លួន។
រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការងារអាទិភាពដ៏សំខាន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់ «មនុស្ស» ជាអាទិភាពទី១ ដើម្បីកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយជំនាញ និងសមត្ថភាពប្រកួតប្រជែង ឆ្លើយតបទៅនឹងគោលដៅ «ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអភិក្រម «រៀនឱ្យចេះ រៀនឱ្យចប់ រៀនឱ្យមានការងារធ្វើ»។
ក្នុងន័យនេះ ក្រសួងទេសចរណ៍បន្តយកចិត្តទុកដាក់លើការពង្រឹងគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព តាមរយៈការបណ្តុះបណ្តាលថ្មី និងបន្ថែម (Reskilling and Upskilling) ដើម្បីធានាការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ និងភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាលទ្ធផល ក្រសួងទេសចរណ៍បានបញ្ជូនមន្ត្រីជំនាញចំនួន៣០រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលអាស៊ាន និងអ្នកវាយតម្លៃបង្គោលអាស៊ាន ហើយបានបណ្តុះបណ្តាលបន្តដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិប្រមាណជាង៨១៦រូប។
ជាមួយគ្នានេះ ក្រសួងបានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សរុបចំនួន៩ទីតាំង ក្នុងនោះមាន៤ទីតាំង អាចបណ្តុះបណ្តាលគុណវុឌ្ឍិអាស៊ានបានពេញលេញ។
គួរបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។
កម្ពុជាក៏ទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ឱ្យទទួលបន្ទុកលើការងារសំខាន់ៗ រួមមាន ការរៀបចំគោលការណ៍ណែនាំស្តីពីយន្តការវាយតម្លៃការសិក្សាពីមុន (RPL) សម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន និងការរៀបចំស្តង់ដាសមត្ថភាព និងកម្មវិធីសិក្សារួមស្តង់ដាអាស៊ានលើជំនាញស្ប៉ា។
បន្ថែមពីនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ដល់អ្នកជំនាញទេសចរណ៍ប្រមាណ២,២០០នាក់ និងបានវាយតម្លៃទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពចំនួន៤ទីតាំង រួមមាន៖
ទី១៖ មជ្ឈមណ្ឌលវាយតម្លៃ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប
ទី២៖ មជ្ឈមណ្ឌលវាយតម្លៃ ប៉េ អេស អឺ រាជធានីភ្នំពេញ
ទី៣៖ មជ្ឈមណ្ឌលវាយតម្លៃវីត រាជធានីភ្នំពេញ
ទី៤៖ មជ្ឈមណ្ឌលវាយតម្លៃ ថាលាស រាជធានីភ្នំពេញ។
រដ្ឋមន្ត្រី ហួត ហាក់ បានផ្តល់អនុសាសន៍ដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ឱ្យបន្តសហការជាមួយក្រសួងទេសចរណ៍ ជំរុញការបណ្តុះបណ្តាលខាងក្នុង (In-House Training) នៅតាមមូលដ្ឋានអាជីវកម្ម ព្រមទាំងជំរុញគ្រឹះស្ថានបណ្តុះបណ្តាលឱ្យបន្តពង្រឹងសមត្ថភាពគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ឱ្យមានកម្រិតកាន់តែខ្ពស់ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន។
ទន្ទឹមនេះ លោកបានណែនាំឱ្យបន្តជំរុញការវាយតម្លៃការសិក្សាពីមុន (RPL) ដល់អ្នកកំពុងបម្រើការងារ ពិនិត្យលទ្ធភាពពង្រីកការបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ សម្រាប់សេវាកម្មធ្វើដំណើរ ចាប់ពីឆ្នាំ២០២៧ និងបន្តអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍កម្ពុជា (CTPRS) ដើម្បីសម្រួលដល់ការស្វ័យសិក្សា ការគ្រប់គ្រងការបណ្តុះបណ្តាល និងការផ្គូផ្គងការងារ (Job Matching)៕























