ឥណ្ឌាជួបប្រទះខែសីហាដ៏ក្តៅបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩០១ មក (Video inside)
01-09-2026 20:37
(ញូវដេលី)៖ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានប្រកាសថា ប្រទេសឥណ្ឌាបានឆ្លងកាត់ខែសីហាដ៏ក្តៅបំផុតមិនធ្លាប់មាន គិតចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩០១ មក ដោយសីតុណ្ហភាពមធ្យមនៅទូទាំងប្រទេសបានហក់ឡើងដល់ ២៨,០១អង្សាសេ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
នាយកដ្ឋានឧតុនិយមបានបញ្ជាក់ថា សីតុណ្ហភាពមធ្យមនេះគឺខ្ពស់ជាងកម្រិតមធ្យមភាគរយៈពេលវែងសម្រាប់ខែសីហា រហូតដល់ ០,៦៧អង្សាសេ ដែលបានបំបែកកំណត់ត្រាចាស់កាលពីខែសីហា ឆ្នាំ២០២៣ ដែលមានសីតុណ្ហភាពមធ្យម ២៨,០អង្សាសេ។ កត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងកម្តៅនេះ គឺដោយសារតែបរិមាណទឹកភ្លៀងមូសុងក្នុងខែសីហា បានធ្លាក់ចុះ ១៦ភាគរយក្រោមអត្រាធម្មតា ដែលមួយផ្នែកបណ្តាលមកពីបាតុភូតអែលនីណូ (El Nino)។
អែលនីណូ គឺជាបាតុភូតអាកាសធាតុធម្មជាតិ ដែលធ្វើឱ្យមានការប្រែប្រួលខ្យល់ សម្ពាធបរិយាកាស និងរបបទឹកភ្លៀងនៅទូទាំងពិភពលោក ដោយវាច្រើនតែបង្កឱ្យមានភាពរាំងស្ងួតនៅប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមអ្នកវិទ្យាសាស្ត្រព្រួយបារម្ភថា បាតុភូតនេះនឹងធ្វើឱ្យភពផែនដីដែលកំពុងឡើងកម្តៅស្រាប់ដោយសារការដុតឥន្ធនៈហ្វូស៊ីល កាន់តែមានសភាពអាក្រក់។
គួរបញ្ជាក់ថា ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក គឺជាប្រទេសដែលងាយរងគ្រោះបំផុតពីអាកាសធាតុក្តៅខ្លាំង។ ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យរលកកម្តៅកើតឡើងកាន់តែញឹកញាប់ និងកាន់តែសាហាវ ដោយសីតុណ្ហភាពនៅតំបន់មួយចំនួនក្នុងប្រទេសនេះ បានហក់ឡើងដល់កម្រិតដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
