FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ​៖ កិច្ចសហប្រតិបត្តិការ​ចិន-កៀហ្ស៊ីស៊ីស្ថាន​បើក​ទំព័រថ្មី

01-09-2026 18:02

(ប៉េកាំង)៖ "ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋរបស់​​លោក Xi Jinping ប្រធានរដ្ឋចិន​លើកនេះ​មាន​សារ​សំខាន់​ណាស់" ​"បាន​បើកទំព័រថ្មីនៃ​កិច្ចសហប្រតិបត្តិការ​ចិន-កៀហ្ស៊ីស៊ីស្ថាន" ​"ចង្អុល​បង្ហា​ញ​ពី​ទិស​ដៅ​ថ្មី​សម្រាប់​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​ទ្វេភាគី"...​សម្រាប់​​ដំណើរទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​​លោក​ Xi Jinping ប្រធានរដ្ឋចិន​លើកនេះ ​មជ្ឈដ្ឋាន​នានារបស់​កៀហ្ស៊ីស៊ីស្ថាន​បាន​វាយ​តម្លៃ​ខ្ពស់​។ នាព្រឹកថ្ងៃ​ទី៣១ខែសីហា តាមម៉ោង​ក្នុងតំបន់ ប្រមុខរដ្ឋនៃ​ប្រទេស​​ទាំងពីរ​បាន​ជួប​ពិភា​ក្សា​ការងារ​នៅ​ក្រុង Bishkek ​រដ្ឋធានី​កៀហ្ស៊ីស៊ីស្ថាន ។ ​លោក Xi Jinping​​ ប្រធាន​រដ្ឋ​ចិន​បាន​​ថ្លែងថា ​ភាគីចិន​រីករាយពួតដៃគ្នា​ជាមួយ​ភាគីកៀហ្ស៊ីស៊ីស្ថាន ដើម្បីជំរុញ​​ការកសាង​សហ​គមន៍​ជោគ​វាសនារួមចិន-កៀហ្ស៊ីស៊ីស្ថាន​ឱ្យមាន​ភាព​កាន់​តែ​ស៊ីជម្រៅ​និងកាន់​តែ​រឹង​មាំ​។

នេះគឺជាលើក​ទី៣ហើយ​ដែល​លោក Xi Jinping ប្រធានរដ្ឋចិន​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កៀហ្ស៊ីស៊ីស្ថាន ។ ភាគីកៀហ្ស៊ីស៊ីស្ថាន​ បានទទួល​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​បំផុត​ដោយ​កម្រិត​ខ្ពស់​។​ ក្នុងអំឡុងពេល​ដំណើរទស្សនកិច្ច ប្រមុខរដ្ឋនៃ​ប្រទេស​​ទាំងពីរ​បានរួមគ្នា​ចុះ​ហត្ថ​លេខាលើ «សេចក្តីប្រកាសរួម​រវាង​​សាធារណរដ្ឋ​ប្រជាមានិតចិន​ និងសាធារណ​រដ្ឋ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ស្តីពីការអភិវឌ្ឍ​​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ​ក្នុង​យុគ​សម័​យ​ថ្មី​ប្រកបដោយ​​គុណភាពខ្ពស់»និង«សន្ធិសញ្ញាស្តីពី​ភាពជាអ្នកជិតខាងល្អ​ និង​កិច្ច​សហ​ប្រតិបត្តិការមិត្តភាពរវាង​​សាធារណរដ្ឋ​ប្រជាមានិតចិន ​និងសាធារណ​រដ្ឋកៀហ្ស៊ី​ស៊ី​ស្ថាន»​។ ក្រៅពីនេះ ​ភាគីទាំងពីរ​ក៏បានចុះហត្ថលេខាលើ ​ឯកសារ​សហប្រតិបត្តិការ​ជាង២០​ច្បាប់​ក្នុងវិស័យ​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា ការអប់រំ ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន និង​ប្រព័ន្ធ​សារព័ត៌មាន​ជាដើម ។

ក្នុងនាមជា​អ្នកជិតខាងល្អ​ដែលពឹងផ្អែកគ្នា​ទៅវិញទៅមក ​ដៃគូល្អដែលមាន​ជោគ​វាស​
នា​រួមគ្នានិង​មិត្តភក្តិល្អដែល​ជួយគ្នា ទៅ​វិញទៅមក ​ទំនាក់ទំនង​រវាងចិននិង​កៀហ្ស៊ីស៊ីស្ថាន​មា​ន​ប្រវត្តិសាស្ត្រ​ដ៏យូរលង់ ។ ក្នុងរយៈពេល​៣៤ឆ្នាំបន្ទាប់​ពី​ការបង្កើត​ទំនាក់ទំនង​ការ​ទូត​មក​ ​ទំនាក់ទំនង​ចិន-កៀហ្ស៊ីស៊ីស្ថាន​បានឆ្លងកាត់​ការសាកល្បងនៃ​បម្រែបម្រួល​នយោបាយ​អន្តរ​ជាតិ ហើយ​រក្សាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ ភាពល្អបរិសុទ្ធ​និង​ស្ថិរភាពជាប់​រហូត​មក​ ដែល​សម្រេច​បាន​នូវ​ការលោតផ្លោះ​ជាប្រវត្តិសាស្ត្រ​ពីភាពសុខដុមរមនា​ និងចំណង​មេត្រី​ភាពដល់​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ ​រហូតដល់​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​យុគ​សម័យ​ថ្មី ។

ទំនុកចិត្ត​កម្រិតខ្ពស់​ខាងនយោបាយ ​និងការគាំទ្រគ្នា​ទៅវិញទៅមក​យ៉ាងមុតមាំ គឺជា​ការ​ធានាដ៏សំខាន់ ។ ​ក្នុងអំឡុង​ពេល​ដំណើរទស្សនកិច្ច​លើកនេះ ​​លោក Xi Jinping​ ប្រ​ធាន​រដ្ឋ​ចិន​បាន​គូសបញ្ជាក់ថា ​ភាគីចិន​​រីករាយបន្ត​គាំទ្រគ្នា​ទៅវិញទៅមក​យ៉ាងមុតមាំជា​មួយ​ភាគី​កៀហ្ស៊ី​ស៊ី​ស្ថាន​អំពី​បញ្ហា ​ដែល​ពាក់​ព័ន្ធ​ដល់​ផល​ប្រយោជន៍​ស្នូល​រៀង​ខ្លួន​។ ភាគី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​បាន​គូសបញ្ជាក់ថា ​ជា​និច្ចកាល "ចិនតែងតែជា​ទិសដៅអាទិភាពចម្បង​​ ក្នុង​គោល​នយោ​បាយ​ការទូតរបស់​កៀហ្ស៊ីស៊ីស្ថាន ហើយក៏​ជា​មិត្តភក្តិ​ដ៏ជិតស្និទ្ធបំផុត​និងជាដៃគូដែល​គួរ​ឱ្យជឿ​ទុកចិត្ត​បំផុត របស់​ភាគី​កៀហ្ស៊ីស៊ីស្ថាន"។

កិច្ចសហប្រតិបត្តិការ​​ដែលផ្តល់​ផលប្រយោជន៍ដល់​​គ្នា​ទៅវិញទៅមក គឺជា​កម្លាំង​ចល​ករ​ដ៏​សំខាន់សម្រាប់​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​រួមចិន-កៀហ្ស៊ីស៊ីស្ថាន​ ឱ្យមាន​ភាព​កាន់​តែ​ស៊ីជម្រៅ​និងកាន់​តែ​រឹង​មាំ ។ កៀហ្ស៊ីស៊ីស្ថាន​​ជាប្រទេស​ដំបូងគេ​បង្អស់​ដែល​គាំទ្រ​និងចូលរួម​​គំនិតផ្តួចផ្តើម​ស្តីពី​ការរួម​គ្នា​កសាង ​"ខ្សែក្រវាត់និងផ្លូវ" ។ ​ចិនបានក្លាយជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំជាងគេ​និងជាប្រភព​វិនិយោគបរទេស​ធំជាងគេ​របស់កៀហ្ស៊ីស៊ីស្ថាន​​ ក្នុង​រយៈ​ពេល​ច្រើនឆ្នាំជាប់ៗ​គ្នា​ ។ នៅឆ្នាំ ២០២៥ ​ទំហំពាណិជ្ជកម្ម​ចិន-កៀហ្ស៊ីស៊ីស្ថាន​បាន​ឡើង​ដល់២៧,២​ ពាន់លាន​ដុល្លារអាមេរិក ​ដែលកើនឡើង​ប្រហែល​២០ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​រយៈពេលដូចគ្នា​នាឆ្នាំមុន ។

ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​ គឺឈរ​លើ​មូលដ្ឋាន​នៃ​ការ​រាប់អាន​គ្នា​រវាង​ប្រ​ជា​ជន​និង​ប្រជាជន។ ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​​ពីការបង្កើតរោងជាង​ Luban និង​វិទ្យាស្ថាន​ខុង​ជី​របស់​ចិន​នៅកៀហ្ស៊ីស៊ីស្ថាន រហូតដល់​ការរៀបចំទិវា​វប្បធម៌ មហោស្រព​ភាពយន្ត មហោ​ស្រព​សិល្បៈ ក៏ដូចជាការពួត​ដៃ​គ្នាអភិរក្ស​​និងបន្តវេន​បេតិកភណ្ឌ​វប្បធម៌អរូបី​ពិភពលោក​ដូច​ជា Manas ជាដើម មូលដ្ឋាន​គ្រឹះនៃការ​រឹតចំណងមេត្រីភាពឱ្យបន្ត​គ្រប់ជំនាន់​រវាងចិន-កៀ​ហ្ស៊ី​ស៊ី​ស្ថាន​មានភាព​កាន់តែរឹងមាំ ។

អ្នកជិតខាងតែងតែ​សង្ឃឹម​ថា អ្នកជិតខាង​របស់​ខ្លួន​នឹង​មានសុភមង្គល​និង​ទទួល​ការ​អភិវឌ្ឍ​កាន់​តែ​ល្អ​​ ។ ​ទំព័រថ្មីនៃ​​កិច្ចសហប្រតិបត្តិការ​ចិន-កៀហ្ស៊ីស៊ីស្ថាន​ក្នុងយុគសម័យថ្មី​បាន​ឆ្លុះបញ្ចាំងពី​ចំណង​មិត្តភាពផ្លូវសូត្រ​ដែលមាន​​រយៈពេល​​ជាង១ពាន់ឆ្នាំ ។ ចិននិង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​​ប្រាកដ​ជានឹង​បង្កើត​សមិទ្ធ​ផល​នៃកិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​កាន់​តែ​ច្រើន​ដែល​អាចមើល​ឃើញ​និង​ស្ទាប​បាន​​ ​ដើម្បី​ត្រួសត្រាយ​ស្ថានការណ៍​ថ្មី​ នៃការអភិវឌ្ឍ​ទំនាក់​ទំនង​ចិន-កៀហ្ស៊ីស៊ីស្ថាន​ប្រកបដោយ​គុណ​ភាពខ្ពស់ ផ្តល់​ផលប្រយោជន៍​កាន់តែច្រើន ​ដល់​ប្រ​ជា​ជន​នៃប្រទេស​ទាំងពីរ ក៏​ដូចជា​រួម​ចំណែកកាន់តែធំ​ដល់សន្តិភាព ស្ថិរភាពនិង​វិបុល​ភាព​ក្នុងតំបន់និង​ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន