លោក Xi Jinping ជួបសន្ទនាជាមួយលោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
01-09-2026 17:11
(ប៉េកាំង)៖ ព្រឹកថ្ងៃទី៣១ ខែសីហា លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបានជួបពិភាក្សាជាមួយលោកXi Jinpingប្រធានរដ្ឋចិននៅក្រុង Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ លោក Xi Jinping បានលើកឡើងថា ក្រោមការណែនាំរួមរបស់យើង ទំនាក់ទំនងរវាងចិននិងកៀហ្ស៊ីស៊ីស្ថាន សម្រេចបានការអភិវឌ្ឍបែបលោតផ្លោះ កិច្ចសហប្រតិបត្តិការបានរីកចម្រើន ក្នុងគ្រប់វិស័យ ដែលរួមចំណែកយ៉ាងប្រាកដប្រជាដល់ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ព្រមទាំងជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។
លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ការទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់ និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ គឺជាការធានាដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រកបដោយស្ថិរភាពនិងយូរអង្វែង នៃទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន។ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាព និងសុខដុមរមនាជាអចិន្ត្រៃយ៍រវាងចិននិងកៀហ្ស៊ីស៊ីស្ថាន នឹងផ្តល់នូវមូលដ្ឋានគ្រឹះផ្នែកច្បាប់ដ៏សំខាន់ សម្រាប់មិត្តភាពគ្រប់ជំនាន់និងការគាំទ្រគ្នាទៅវិញទៅមក យ៉ាងរឹងមាំរវាងប្រទេសទាំងពីរ។ប្រទេសចិនមានឆន្ទៈប្រកៀកស្មាគ្នា ជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ធ្វើឱ្យការផ្លាស់ប្តូរបទពិសោធ ក្នុងវិស័យអភិបាលកិច្ចមានភាពស៊ីជម្រៅ ដើម្បីកសាងសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែង កាន់តែច្រើននិងជំរុញការកសាងសហគមន៍ជោគវាសនារួម រវាងចិននិងកៀហ្ស៊ីស៊ីស្ថានមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា។
ជាការឆ្លើយតប លោក Sadyr Japarov បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Xi Jinping បានបង្ហាញបន្ថែមទៀតអំពីមិត្តភាពដ៏ជ្រាលជ្រៅ និងការទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់ រវាងប្រទេសកៀហ្ស៊ីស៊ីស្ថាននិងចិន ហើយគឺជានិមិត្តសញ្ញាដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពនិងសុខដុមរមនាជាអចិន្ត្រៃយ៍ រវាងកៀហ្ស៊ីស៊ីស្ថាននិងចិន នឹងត្រួសត្រាយអនាគតកាន់តែទូលំទូលាយសម្រាប់ទំនាក់ទំនងទ្វេភាគី។
បន្ទាប់ពីកិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើ «សេចក្តីប្រកាសរួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ស្តីពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» និង «សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាព និងសុខដុមរមនាជាអចិន្ត្រៃយ៍រវាងសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកៀសហ្ស៊ីស៊ីស្ថាន»៕
វិទ្យុមិត្តភាពកម្ពុជាចិន
