ឥណ្ឌូណេស៉ី បិទឧទ្យានជាតិចំនួន៩ ជាបណ្តោះអាសន្ន ដោយសារតែភ្លើងឆេះព្រៃ (Video inside)
01-09-2026 16:37
(ហ្សាការតា)៖ ភ្លើងឆេះព្រៃនៅក្នុងឧទ្យានជាតិមួយចំនួនរបស់ប្រទេសឥណ្ឌូណេស៉ី និងហានិភ័យនៃការកើតមានបន្ថែមទៀត បានជំរុញឱ្យអាជ្ញាធរបិទឧទ្យានចំនួន ៩ ជាបណ្តោះអាសន្ន ខណៈផ្តល់អាទិភាពដល់ប្រតិបត្តិការប្រយុទ្ធនឹងអគ្គិភ័យ នៅក្នុងខេត្តចំនួន ៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីក្រសួងព្រៃឈើ លោក Raja Juli Antoni បាននិយាយកាលពីថ្ងៃចន្ទថា ការផ្ទុះឡើងនៃអគ្គិភ័យ ក្នុងឧទ្យានជាតិទាំងនេះ បានបន្ថែមសម្ពាធខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ដែលកំពុងដំណើរការក្នុងខេត្ត Riau, Jambi, South Sumatra, West Kalimantan, Central Kalimantan និង South Kalimantan។
ការកំណត់ឱ្យដើរឡើងភ្នំឱ្យនៅក្នុងតំបន់សុវត្ថិភាព ក៏ត្រូវបានអនុវត្តផងដែរនៅឧទ្យានជាតិភ្នំ Rinjani នៃកោះ Lombok ឧទ្យានជាតិភ្នំ Merbabu តំបន់ Central Java តំបន់អភិរក្សសត្វព្រៃ Hyang Highlands តំបន់ East Java និងឧទ្យានជាតិភ្នំ Halimun Salak តំបន់ West Java។
ឥណ្ឌូណេស៉ី កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ នៅក្នុងតំបន់ Kalimantan និង Sumatra ដែលមជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន បានរាយការណ៍អំពីវត្តមានចំណុចឆាបឆេះជាច្រើន គិតត្រឹមថ្ងៃអង្គារនេះ។ នៅថ្ងៃអង្គារ ទីក្រុង Pontianak ក្នុងខេត្ត West Kalimantan បានក្លាយជាជាទីក្រុងដែលមានការបំពុលខ្យល់ខ្លាំងបំផុត នៅក្នុងប្រទេសឥណ្ឌូណេស៉ី៕


