FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ ថាមានរូបិយប័ណ្ណបរទេសគ្រប់គ្រាន់ បើទោះបីជារងទណ្ឌកម្មអាមេរិក (Video inside)

01-09-2026 15:46

(តេហេរ៉ង់)៖ អភិបាលធនាគារកណ្តាលអ៉ីរ៉ង់ លោក Abdolnaser Hemmati បាននិយាយនាថ្ងៃអង្គារ ទី១ ខែកញ្ញា ថាអ៉ីរ៉ង់មានទុនបម្រុងរូបិយប័ណ្ណបរទេសគ្រប់គ្រាន់ ទោះបីជាមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ បន្ទាប់ពីរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក Scott Bessent បានលើកឡើងថាតេហេរ៉ង់កំពុងមួម៉ៅ ដោយសារតែចាញ់ ក្នុងសង្គ្រាមសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៉ីរ៉ង់ លោក Hemmati បានឱ្យដឹងថាធនាគារកណ្តាល ត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចេញទឹកប្រាក់រហូតដល់ ២ពាន់លានដុល្លារ ទៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដើម្បីធ្វើឱ្យស្ថានភាពប្រែប្រួលខ្លាំងនាពេលថ្មីៗនេះ មានសភាពនឹងនរឡើងវិញ។ លោកបានគូសបញ្ជាក់ថា «ខ្ញុំសូមប្រាប់ទៅប្រធានាធិបតីសហរដ្ឋអាមេរិកថា អ៉ីរ៉ង់មានរូបិយប័ណ្ណបរទេស ហើយមាននៅក្នុងចំនួនគ្រប់គ្រាន់»។

លោក Hemmati បន្ថែមថាធនាគារកណ្តាល កំពុងបន្តប្រមូលប្រាក់ចំណូលជារូបិយប័ណ្ណបរទេស ហើយមានទុនបម្រុងក្នុងស្រុក ក៏ដូចជាធនធានផ្សេងទៀត ប៉ុន្តែព័ត៌មានលម្អិតអំពីធនធានទាំងនោះ មិនអាចបញ្ចេញជាសាធារណៈបាន។ ការលើកឡើងនេះ ហាក់ដូចជាមានបំណងស្តារទំនុកចិត្តឡើងវិញដល់ទីផ្សារ បន្ទាប់ពីក្រុមមន្ត្រីអ៉ីរ៉ង់ រួមទាំងលោកប្រធានាធិបតី Masoud Pezeshkian ទទួលស្គាល់អំពីការលំបាកផ្នែកសេដ្ឋកិច្ចនៅអ៉ីរ៉ង់ ដែលកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងការបិទខ្ទប់ផ្លូវសមុទ្រ។

គួរបញ្ជាក់ថា តម្លៃលុយរៀល rial របស់អ៉ីរ៉ង់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន នៅក្នុងខែសីហា ដោយឆ្លងកាត់កម្រិត ២លាន rial ប្តូរបានតែ ១ដុល្លារអាមេរិក ខណៈអត្រាអតិផរណាប្រចាំឆ្នាំ កើនដល់ ៦៦ភាគរយ ក្នុងខែកក្កដា៕