FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន ប្រកាសថាសមត្ថភាពថាមពលពន្លឺព្រះអាទិត្យ កើនលើសថាមពលធ្យូងថ្ម ជាលើកដំបូង (Video inside)

01-09-2026 15:20

(ប៉េកាំង)៖ រដ្ឋបាលថាមពលជាតិចិន (NEA) បានប្រកាសនៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ថាសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ (solar) ដែលដំឡើងក្នុងប្រទេសនេះ បានកើនឡើងលើសសមត្ថភាពផលិតថាមពលពីធ្យូងថ្ម និងបានចាត់ទុកថាវាជាសមិទ្ធផលដ៏សំខាន់មួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

NEA បានឱ្យដឹងថា «គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំនេះ សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ ដែលដំឡើងរួចរាល់របស់ប្រទេសចិន បានកើនឡើងដល់ ១ ២៨៦ពាន់លានគីឡូវ៉ាត់។ នេះគឺជាលើកដំបូងហើយ ដែលសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ វ៉ាដាច់ថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ក្លាយជាប្រភពថាមពលដ៏ធំបំផុតនៅក្នុងប្រទេសចិន»

តាម NEA សមត្ថភាពផលិតអគ្គិសនីពីធ្យូងថ្មមានកម្រិត ១ ២៨៥ពាន់លានគីឡូវ៉ាត់។ អស់រយៈពេលជាច្រើនទសវត្សរ៍ ធ្យូងថ្មគឺជាប្រភពផលិតថាមពលដ៏សំខាន់របស់ចិន និងជាកត្តាជំរុញការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យឡើងកម្ដៅផែនដី។

ចិនដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេបំផុតលើពិភពលោក ប្តេជ្ញាសម្រេចគោលដៅ រក្សាការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យស្ថិតនៅកម្រិតបំផុតត្រឹមឆ្នាំ២០៣០ ពោលគឺលែងឱ្យវាឡើងខ្ពស់ពីនោះថែមទៀត រួចហើយចាប់ផ្តើមថយចុះវិញ និងព្រមទាំងសម្រេចឱ្យបាន អព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៦០។ ទិន្នន័យដែល AFP បានពិនិត្យមើលកាលពីខែកុម្ភៈ បង្ហាញថាការផលិតថាមពលអគ្គិសនីដោយប្រើធ្យូងថ្មរបស់ប្រទេសចិន បានធ្លាក់ចុះជិត ២ភាគរយនៅឆ្នាំ២០២៥ ទោះបីជាតម្រូវការថាមពលមានការកើនឡើងក៏ដោយ៕