FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស៩នាក់ស្លាប់ និងជាង១០នាក់រងរបួស ខណៈរុស្ស៊ីវាយប្រហារតំបន់កៀវរបស់អ៊ុយក្រែន ៦ថ្ងៃជាប់គ្នា (Video inside)

01-09-2026 14:30

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា មនុស្ស ៩នាក់បានស្លាប់ និងជាង១០នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី លើទីក្រុងកៀវនិងតំបន់ជុំវិញ នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាការវាយប្រហារ៦ថ្ងៃជាប់គ្នា លើរដ្ឋធានីរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការវាយប្រហារតាមអាកាសទាំងនៅអ៊ុយក្រែននិងរុស្ស៊ី បាននិងកំពុងតែបន្តស្ទើររៀងរាល់ថ្ងៃ ខណៈកិច្ចខិតខំប្រឹងប្រែង កំពុងត្រូវបានព្យាយាមស្តារឡើងវិញ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមបំផុតនៅទ្វីបអឺរ៉ុបមួយនេះ គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលបានចាប់ផ្តើមនៅពេលទីក្រុងមូស្គូ សម្រេចបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

សេវាសង្គ្រោះបន្ទាន់បានឱ្យដឹងថា នៅទីក្រុងកៀវ មនុស្ស៨នាក់បានស្លាប់ និង៥នាក់រងរបួស ក្នុងនោះមានកុមារ៣នាក់ ហើយអគ្គិភ័យបានកើតឡើង នៅទីតាំងជាច្រើនកន្លែងជុំវិញរដ្ឋធានី។ នៅក្នុងទីក្រុង Boryspil ក្នុងតំបន់កៀវ ដែលជាតំបន់នៅជុំវិញទីក្រុងកៀវ មានមនុស្សម្នាក់បានស្លាប់ និង៩នាក់ទៀត រួមទាំងកុមារម្នាក់ បានរងរបួស បន្ទាប់ពីមីស៊ីលនិងដ្រូន បានបំផ្លាញអគារស្នាក់នៅមួយខ្នង និងទីតាំងអាជីវកម្មមួយកន្លែង។

ដោយឡែក នៅក្នុងប្រទេសរុស្ស៊ីឯនោះវិញ អាជ្ញាធរបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះដ្រូន បានបង្កឱ្យមានអគ្គិភ័យនៅតំបន់កំពង់ផែ Ust-Luga ដែលជាច្រកនាំចេញដ៏សំខាន់មួយ នៅភាគពាយ័ព្យប្រទេស ហើយទីក្រុងមូស្គូដែលជារដ្ឋធានីនៃប្រទេសរុស្ស៉ី បានដំណើរការប្រព័ន្ធការពារដែនអាកាស ដើម្បីបាញ់ទម្លាក់ដ្រូន។ រីឯនៅតំបន់ Samara របស់រុស្ស៊ី ដែលមានរោងចក្រចម្រាញ់ប្រេងធំៗជាច្រើន និងស្ថិតនៅចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុងមូស្គូ ការវាយប្រហារតាមអាកាស ត្រូវអះអាងថា បានបំផ្លាញទីតាំងស៊ីវិលមួយចំនួន។

គួរបញ្ជាក់ថា រុស្ស៊ីនិងអ៊ុយក្រែន សុទ្ធតែបានបដិសេធ ចំពោះការកំណត់គោលដៅវាយប្រហារលើទីតាំង ឬជនស៊ីវិលដោយចេតនា។ ក្នុងថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi អំឡុងឱកាសជួបមុខលោក វ៉្លាឌីមៀ ពូទីន បានឆ្លៀតប្រាប់លោកប្រធានាធិបតីរុស្ស៊ីថា សង្គ្រាមនេះចាំបាច់ត្រូវតែបញ្ចប់ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ៕