FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងសប្តាហ៍នេះ ដើម្បីបន្តជំរុញការចូលរួមឡើងវិញជាមួយអន្តរជាតិ (Video inside)

01-09-2026 13:55

(ណៃពិដោ)៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដែលក្រោយមកបានក្លាយជាប្រធានាធិបតី គឺលោក Min Aung Hlaing នឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានាធិបតីវៀតណាម លោក To Lam។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសទាំងពីរ នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ថា លោក Min Aung Hlaing នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក To Lam ហើយនឹងជួបនាយករដ្ឋមន្ត្រី ក៏ដូចជាប្រធានរដ្ឋសភាវៀតណាម ផងដែរ។ អំឡុងឱកាសទស្សនកិច្ច រូបលោកក៏នឹងចូលរួមក្នុងវេទិកាធុរកិច្ចមីយ៉ាន់ម៉ា-វៀតណាម ហើយជួបតំណាងអង្គការសេដ្ឋកិច្ចនានា។

វៀតណាមនឹងក្លាយជាប្រទេសទី៧ហើយ ដែលលោក Min Aung Hlaing បានទៅបំពេញទស្សនកិច្ច ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតី កាលពីខេមេសា ឆ្នាំនេះ ខណៈកំពុងព្យាយាមស្វែងរកភាពស្របច្បាប់និងការទទួលស្គាល់ ហើយជំរុញការចូលរួមជាមួយប្រទេសក្នុងតំបន់ឡើងវិញ។

ទស្សនកិច្ចទៅកាន់វៀតណាមនេះ នឹងកើតឡើងបន្ទាប់ពីលោក Min Aung Hlaing បានធ្វើដំណើរទៅបរទេសជាបន្តបន្ទាប់ រួមមានទាំងទៅប្រទេសរុស្ស៊ីនិងថៃ កាលពីក្នុងខែសីហា ស្របពេលដែលលោកព្យាយាមពង្រឹងទំនាក់ទំនងនៅឯក្រៅប្រទេស ដើម្បីទទួលបានការទទួលស្គាល់ជាអន្តរជាតិកាន់តែទូលំទូលាយ សម្រាប់រដ្ឋាភិបាលរបស់លោក។

គួរបញ្ជាក់ថា ទោះបីមីយ៉ាន់ម៉ាបាននិងកំពុងជំរុញការចូលរួមរបស់ខ្លួន ជាមួយអន្តរជាតិវិញបែបនេះក៏ដោយ អាស៊ាននៅបន្តមិនទាន់អនុញ្ញាត ឱ្យអ្នកតំណាងនយោបាយរបស់មីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូលនៅឡើយទេ ដោយសារហេតុផលបរាជ័យអនុវត្តផែនការសន្តិភាព ៥ចំណុចរបស់អាស៊ាន ដែលមានគោលបំណងចង់ជួយ បិទបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសសមាជិកមួយនេះ។ សង្គ្រាមនេះបានផ្ទុះឡើង បន្ទាប់ពីរដ្ឋប្រហាររបស់យោធា កាលពីឆ្នាំ២០២១ និងផ្តាច់ជីវិតមនុស្សរាប់ម៉ឺននាក់៕