FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនអ្នកស្លាប់ក្នុង​គ្រោះទឹកជំនន់នៅនេប៉ាល់កើនដល់ ៩០៣នាក់ និងជាង ៤ពាន់នាក់បាត់ខ្លួន

31-08-2026 22:46

(កដ្ឋមណ្ឌុ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ (Nepal) បានប្រកាសនៅថ្ងៃចន្ទថា គ្រោះទឹកជំនន់ដ៏មហន្តរាយនៅក្បែរព្រំដែនប្រទេសចិន បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ៩០៣នាក់ ខណៈចំនួនអ្នកបាត់ខ្លួនបានកើនឡើងយ៉ាងគំហុកដល់ ៤,២៤៧នាក់ ស្របពេលដែលប្រតិបត្តិការរុករក និងជួយសង្គ្រោះបានឈានចូលដល់ថ្ងៃទី៦ ហើយ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

មុននេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនក៏បានបញ្ជាក់ផងដែរថា មានមនុស្ស ១៦នាក់ស្លាប់ និង ៥៤៦នាក់បាត់ខ្លួន នៅក្នុងតំបន់ទីបេ បន្ទាប់ពីគ្រោះមហន្តរាយកាលពីថ្ងៃពុធ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ៩១៩នាក់ និងបាត់ខ្លួន ៤,៧៩៣នាក់។ យោងតាមអាជ្ញាធរជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនេប៉ាល់ ក្នុងចំណោមអ្នកបាត់ខ្លួននៅនេប៉ាល់ មានជនបរទេសចំនួន ៥៩២នាក់ និងកម្មករគម្រោងវារីអគ្គិសនីចំនួន ៩៣៣នាក់។

តួលេខអ្នកបាត់ខ្លួនបានកើនឡើងយ៉ាងគំហុក ជាពិសេសនៅក្នុងស្រុក Nuwakot ដែលកើនពី ១១៥នាក់ ដល់ ១,១៥៨នាក់ និងស្រុក Rasuwa ចំនួន ៥៦២នាក់។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺ ក្នុងចំណោមអ្នកបាត់ខ្លួន ក៏មានកងទ័ពនេប៉ាល់ ៤៥នាក់ មន្ត្រីប៉ូលិស ៣៨នាក់ និងមន្ត្រីគយនិងអន្តោប្រវេសន៍ ១៩នាក់ផងដែរ។

ដោយឡែក នៅក្នុងប្រទេសឥណ្ឌា ​អាជ្ញាធររដ្ឋ Uttar Pradesh បានរាយការណ៍ថា ពួកគេបានស្រង់សាកសពចំនួន ១៧នាក់ ចេញពីទន្លេដែលហូរមកពីប្រទេសនេប៉ាល់ ដែលសង្ស័យថាជាជនរងគ្រោះក្នុងគ្រោះទឹកជំនន់នេះ។ បច្ចុប្បន្ន អាជ្ញាធរឥណ្ឌាកំពុងធ្វើការកំណត់អត្តសញ្ញាណសាកសពទាំងនោះ ដែលមិនទាន់ត្រូវបានរាប់បញ្ចូលក្នុងតួលេខអ្នកស្លាប់ផ្លូវការនៅឡើយទេ៕