ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា សម្លាប់មនុស្ស ៥នាក់ (Video inside)
31-08-2026 22:07
(គែរ)៖ មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា នៅថ្ងៃចន្ទ បានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារលើកទីមួយបានធ្លាក់ចំហ្វូងមនុស្សនៅក្បែរសួនច្បារសាធារណៈក្នុងទីក្រុងហ្គាហ្សា សម្លាប់មនុស្ស ២នាក់ ខណៈការវាយប្រហារលើកទីពីរបានបាញ់ចំរថយន្តមួយគ្រឿង សម្លាប់មនុស្ស ៣នាក់បន្ថែមទៀត។ យោធាអ៊ីស្រាអែលអះអាងថា គោលដៅនៃការវាយប្រហារគឺសំដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស។
សាច់ញាតិជនរងគ្រោះម្នាក់បានរៀបរាប់ទាំងក្តីអស់សង្ឃឹមថា៖ «គ្មានបទឈប់បាញ់អ្វីនោះទេ។ តាំងពីសង្គ្រាមផ្ទុះឡើងមក ហ្គាហ្សាមិនដែលមានថ្ងៃល្អសូម្បីតែមួយថ្ងៃ។ ពួកយើងដេកមិនលក់ទេដោយសារសំឡេងដ្រូន ហើយតែងតែភ័យខ្លាចរាល់ពេលបិទភ្នែក»។
គួររំលឹកថា បទឈប់បាញ់ដែលគាំទ្រដោយអាមេរិកកាលពីខែតុលា ឆ្នាំ២០២៥ បានត្រឹមតែបញ្ឈប់ការប្រយុទ្ធទ្រង់ទ្រាយធំប៉ុណ្ណោះ ប៉ុន្តែមិនអាចបញ្ឈប់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានឡើយ។ ក្រុមហាម៉ាសបានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភបទឈប់បាញ់ និងបំផ្លាញផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក មានជនជាតិប៉ាឡេស្ទីនជាង ១,៣០០នាក់ ត្រូវបានសម្លាប់ ខណៈអ៊ីស្រាអែលក៏បាត់បង់ទាហាន ៤នាក់ផងដែរ៕

