ក្រិក គ្រោងចុះកិច្ចព្រមព្រៀងតម្លៃ ៣,៥ពាន់លានដុល្លារសម្រាប់ប្រព័ន្ធការពារដែនអាកាស ជាមួយអ៉ីស្រាអែល
31-08-2026 17:12
(អាថែន)៖ ប្រទេសក្រិក ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសអ៉ីស្រាអែល ដើម្បីទិញប្រព័ន្ធការពារដែនអាកាសដែលមានច្រេីនស្រទាប់ការពារ ក្នុងតម្លៃប្រហែល ៣ពាន់លានអឺរ៉ូ ឬ ៣,៥ពាន់លានដុល្លារអាមេរិក ជាផ្នែកមួយនៃកម្មវិធីធ្វេីទំនើបកម្មផ្នែកយោធា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។
មន្ត្រីម្នាក់បានប្រាប់ Reuters ថានៅថ្ងៃចន្ទនេះ មន្ត្រីក្រិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤ ជាមួយស្ថាប័ន SIBAT និង MAFAT របស់អ៉ីស្រាអែល នៅទីក្រុង Tel Aviv សម្រាប់មីស៉ីលចំនួន ៣ប្រភេទ និងប្រព័ន្ធរ៉ាដា។ ប្រភពដដែលបន្ថែមថា កិច្ចព្រមព្រៀងដាច់ដោយឡែកមួយសម្រាប់ប្រព័ន្ធប្រឆាំងដ្រូន ក៏នឹងត្រូវចុះហត្ថលេខាផងដែរ។
ក្រិកមានផែនការចំណាយថវិកាដល់ ២៨ពាន់លានអឺរ៉ូត្រឹមឆ្នាំ២០៣៦ ដើម្បីកសាងប្រព័ន្ធការពារពហុស្រទាប់ «Achilles Shield» ដែលអាចទប់ស្កាត់គ្រាប់មីស៉ីល យន្តហោះចម្បាំង និងដ្រូន ព្រមទាំងទិញយន្តហោះចម្បាំង F-35 រហូតដល់ ៤០គ្រឿងពីសហរដ្ឋអាមេរិក និងនាវាចម្បាំងប្រភេទ Frigate ពីប្រទេសបារាំង និងអ៉ីតាលី។
គួរបញ្ជាក់ថា ក្រិក និងអ៉ីស្រាអែលដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរឹងមាំ បានដំណើរការមជ្ឈមណ្ឌលហ្វឹកហ្វឺនផ្នែកអាកាសចរណ៍ក្នុងប្រទេសក្រិក ធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំ ព្រមទាំងសហការគ្នាលើប្រព័ន្ធប្រឆាំងដ្រូន និងសន្តិសុខអ៉ីនធឺណិត៕


