កូរ៉េខាងជើង ហៅផែនការធ្វើសមយុទ្ធដែនសមុទ្ររវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថាជាការគំរាមកំហែង (Video inside)
31-08-2026 16:06
(ព្យុងយ៉ាង)៖ តាមរយៈព័ត៌មានលេីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ទីក្រុងព្យុងយ៉ាងចាត់ទុកថាផែនការធ្វេីសមយុទ្ធដែនសមុទ្រ រវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នៅក្នុងខែកញ្ញា គឺជា «ការគំរាមកំហែង» ដល់កូរ៉េខាងជើង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។
ប្រទេសសម្ព័ន្ធមិត្តទាំង ៣ នឹងធ្វើសមយុទ្ធមួយឈ្មោះ Freedom Edge ដែលផ្តោតលើកូរ៉េខាងជើង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា នៅក្នុងដែនទឹកអន្តរជាតិភាគខាងកើត និងខាងត្បូងនៃកោះ Jeju ប្រទេសកូរ៉េខាងត្បូង ដោយទីក្រុងសេអ៊ូលនិយាយថា វាជាសមយុទ្ធត្រៀមលក្ខណៈការពារខ្លួន។
ក្រសួងការបរទេសកូរ៉េខាងជើង បានលេីកឡេីងក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយ KCNA ផែនការធ្វើសមយុទ្ធនោះ ជាការគំរាមកំហែងដល់កូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់។ អ្នកនាំពាក្យរបស់ក្រសួងបាននិយាយថា ទីក្រុងវ៉ាស៉ីនតោន «កំពុងប្រព្រឹត្តចារកម្មផ្លូវអាកាស និងការញុះញង់យោធាប្រឆាំងកូរ៉េខាងជើងជាបន្តបន្ទាប់»។
គួរបញ្ជាក់ថា Freedom Edge បានធ្វេីឡើងដំបូងក្នុងខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីមានកិច្ចព្រមព្រៀង រវាងមេដឹកនាំនៃប្រទេសទាំ ង ៣។ សម្រាប់ផែនការធ្វេីនៅក្នុងឆ្នាំនេះ និងការជំទាស់ពីសំណាក់កូរ៉េខាងជើង កើតឡើងនៅពេលដែលប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ កំពុងជំរុញឱ្យមានជំនួបថ្មី ជាមួយមេដឹកនាំលោក គីម ជុងអ៊ុន៕


