ឥណ្ឌូណេស៊ី អាមេរិក និងសម្ព័ន្ធមិត្តជាច្រើនទៀត ចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ ដែលផ្តោតលើការរារាំងទង្វើឈ្លានពាននៅតំបន់អាស៉ីប៉ាស៉ីហ្វិក (Video inside)
31-08-2026 15:29
(ហ្សាការតា)៖ ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តជាង១០ផ្សេងទៀត បានចាប់ផ្តើមសមយុទ្ធយោធារួមប្រចាំឆ្នាំ នាថ្ងៃចន្ទនេះ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងទប់ស្កាត់សកម្មភាពឈ្លានពាន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។
ឥណ្ឌូណេស៊ី ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត ដែលខ្លួនហៅថា «សេរី និងសកម្ម»។ ប្រទេសនេះ កំពុងព្យាយាមរក្សាទំនាក់ទំនងល្អ ទាំងជាមួយទីក្រុងវ៉ាស៊ីនតោន និងទាំងជាមួយទីក្រុងប៉េកាំង។ ក្នុងខែនេះ ឥណ្ឌូណេស៊ី ទើបតែបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយចិន ដែលតៃវ៉ាន់បានរិះគន់ថាជា «ការបង្កហេតុ»។
ឥណ្ឌូណេស៊ី អាមេរិក និងប្រទេសសម្ព័ន្ធមិត្តមួយចំនួនទៀត បានរួមគ្នាធ្វើសមយុទ្ធប្រចាំឆ្នាំ ដែលមានឈ្មោះថា «Super Garuda Shield» អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ សមយុទ្ធឆ្នាំនេះ មានទាហានសរុបប្រមាណ ៤៧០០នាក់ មកពីប្រទេសនានា រួមមានដូចជាព្រីតថេន (ចក្រភពអង់គ្លេស) បារាំង និងជប៉ុន។ ការធ្វើលំហាត់យោធា នឹងធ្វើឡើងនៅទីតាំងជាច្រើន រួមទាំងកោះស៊ូម៉ាត្រា និងកោះ Borneo រហូតដល់ថ្ងៃទី១១ ខែកញ្ញា។ ប្រទេសទីម័រខាងកើត អ៉ីតាលី ថៃ និងប្រទេសផ្សេងទៀត បានបញ្ជូនអ្នកសង្កេតការណ៍ចូលរួម។
មេបញ្ជាយោធាអាមេរិក បាននិយាយថា សមយុទ្ធខាងលើ មានសារសំខាន់ដើម្បីជួយរក្សាឱ្យតំបន់ឥណ្ឌូប៉ាស៉ីហ្វិក មានសុវត្ថិភាព ហើយឥណ្ឌូណស៉ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេទី៣ លើពិភពលោក មានតួនាទីយ៉ាងសំខាន់ សម្រាប់ស្ថិរភាពក្នុងតំបន់។ កាលពីខែមេសា ឥណ្ឌូណេស៊ី បានលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាមេរិក ដល់កម្រិត «ភាពជាដៃគូសហប្រតិបត្តិការការពារជាតិដ៏សំខាន់»។
ដោយឡែក ក្នុងខែសីហានេះ រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិចិន បានធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីជួបពិភាក្សាជាមួយសមភាគីរបស់ខ្លួន ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងយោធា។ នៅក្នុងឆ្នាំនេះ ប្រទេសទាំងពីរ ក៏នឹងធ្វើសមយុទ្ធយោធារួមហៅថា «Heping Garuda» ផងដែរ ដែលជាសមយុទ្ធធ្វើឡើងជាប្រចាំ និងផ្តោតលើការជួយគាំទ្រផ្នែកមនុស្សធម៌ ការជួយសង្គ្រោះពេលមានមហន្តរាយ និងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធា។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបានចូលជាសមាជិក BRICS ដែលជាក្រុមប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើន កាលពីឆ្នាំ២០២៥ ហើយរួមមានសមាជិកដូចជាចិននិងរុស្ស៉ី។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងថែមទាំងបានចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព Board of Peace របស់លោកប្រធានាធិបតីអាមេរិក ផងដែរ៕


