FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំយ៉ាងហោច៥រូប មិនចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ក្រុមប្រទេសកោះប៉ាស៊ីហ្វិក ចំពោះមុខភាពតានតឹងចិន-តៃវ៉ាន់ (Video inside)

31-08-2026 14:50

(ប៉ាស៉ីហ្វិក)៖ នាថ្ងៃចន្ទនេះ ក្រុមមន្រ្តីបានឱ្យដឹងថា មេដឹកនាំយ៉ាងហោចចំនួន៥រូប នឹងមិនចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់តំបន់កោះប៉ាស៊ីហ្វិកនោះទេ ចំពេលដែលកិច្ចប្រជុំនេះ ត្រូវបើកធ្វើឡើងក្រោមស្រមោលនៃភាពតានតឹងរវាងតៃវ៉ាន់និងចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំខាងលើ មានគោលបំណងពិភាក្សាអំពីបញ្ហាស្មុគស្មាញក្នុងតំបន់ រួមមានទាំងបញ្ហាប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មគ្រឿងញៀន និងការធ្វើតេស្តមីស៊ីលបាលិស្ទីគរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែកក្កដា។ ឥទ្ធិពលដែលកំពុងតែរីកធំរបស់ចិននៅក្នុងតំបន់ បានធ្វើឱ្យកិច្ចប្រជុំឆ្នាំនេះកាន់តែមានសារៈសំខាន់ ពីព្រោះវេទិកាប្រទេសកោះប៉ាស៊ីហ្វិក ឬហៅថា Pacific Islands Forum ដែលមានសមាជិក១៨ប្រទេស ត្រូវបានរៀបចំឡើងនៅប្រទេស Palau ដែលជាប្រទេសមានទំនាក់ទំនងការទូត ជាមួយតៃវ៉ាន់។

ទោះបីវេទិកានេះត្រូវបានចាត់ទុកថា ជានិមិត្តរូបនៃសាមគ្គីភាពការទូតក៏ដោយ មេដឹកនាំកាន់តែច្រើន បានសម្រេចចិត្តជ្រើសរើស មិនចូលរួមដោយផ្ទាល់ ហើយបញ្ជូនរដ្ឋមន្ត្រីដែលមានឋានៈទាបជាងទៅជំនួសវិញ។ តួយ៉ាង នាយករដ្ឋមន្ត្រីហ្វីជី (Fiji), វ៉ានូទូ (Vanuatu), សាម័រ (Samoa), សូឡូម៉ុន (Solomon Islands) ព្រមទាំង ប្រធានាធិបតីគិរីបាទី (Kiribati) បានប្រកាសថា នឹងមិនមកចូលរួមដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំមេដឹកនាំនេះទេ។

គួរបញ្ជាក់ថា ការខកខានចូលរួមរបស់បណ្តាមេដឹកនាំខាងលើ គឺកើតមានឡើងចំពេលរដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Lin Chia-lung ក៏កំពុងស្ថិតនៅក្នុងប្រទេស Palau ដែរ ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍ផ្សេងៗ ដែលរៀបចំឡើងក្រោមក្របខណ្ឌនៃកិច្ចប្រជុំ Pacific Islands Forum។

វត្តមានរបស់លោក គឺជារឿងរសើបមួយ ដ្បិត Palau គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសកោះប៉ាស៊ីហ្វិកតែ៣ប៉ុណ្ណោះ ដែលនៅបន្តទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ខណៈចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងប្រឆាំងដាច់ខាតចំពោះការចូលរួមរបស់តៃវ៉ាន់ នៅក្នុងវេទិកាអន្តរជាតិនានា។ កាលពីឆ្នាំ២០២៥ ប្រទេសសូឡូម៉ុន បានរារាំងការចូលរួមរបស់តៃវ៉ាន់ នៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវេទិកានេះ ក្រោយមានការជំទាស់ខ្លាំងពីទីក្រុងប៉េកាំង៕