ចំនួនអ្នកស្លាប់ដោយសារមហន្តរាយទឹកជំនន់នៅនេប៉ាល់ កើនដល់៩០៣នាក់ និងអ្នកបាត់ខ្លួនរហូតដល់ ៤២៤៧នាក់ (Video inside)
31-08-2026 13:42
(កដ្ឋមណ្ឌូ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់នេប៉ាល់ បានឱ្យដឹងនៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ថាគ្រោះមហន្តរាយទឹកជំនន់ដ៏សាហាវ នៅក្បែរព្រំដែនជាមួយចិន បានបណ្តាលឱ្យមនុស្សយ៉ាងហោចកើនដល់ ៩០៣នាក់ស្លាប់ នៅប្រទេសរបស់ខ្លួន ហើយចំនួនអ្នកបាត់ខ្លួន បានកើនឡើងយ៉ាងគំហុកដល់ ៤២៤៧នាក់ ខណៈប្រតិបត្តិការជួយសង្គ្រោះ បានឈានចូលដល់ថ្ងៃទី៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
មន្ត្រីនេប៉ាល់បាននិយាយថា កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ពេលនេះកំពុងផ្តោតសំខាន់លើការចូលទៅជួយកម្មកររាប់រយនាក់ ដែលគេជឿថា កំពុងជាប់នៅតាមផ្លូវរូងក្រោមដី នៃគម្រោងវារីអគ្គិសនី ប្រហែលជាង១០កន្លែង។ ផ្លូវរូងក្រោមដីទាំងនោះ ត្រូវបានកប់និងបិទខ្ទប់ដោយភក់និងកម្ទេចថ្ម ដែលធ្វើឱ្យក្រុមសង្គ្រោះពិបាកចូលទៅដល់កម្មករ ដែលកំពុងជាប់ខ្លួននៅខាងក្នុង។
ដោយឡែក កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា មនុស្សកើនដល់ ១៦នាក់បានស្លាប់ និង ៥៤៦នាក់បាត់ខ្លួន នៅខាងតំបន់ទីបេ បន្ទាប់ពីគ្រោះមហន្តរាយខាងលើ។ ហេតុដូចនេះ ចំនួនអ្នកស្លាប់សរុបនៅនេប៉ាល់និងទីបេ កើនដល់៩១៩នាក់ ខណៈអ្នកបាត់ខ្លួនសរុបមាន៤៧៩៣នាក់។
គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសទាំងពីរ បាននិងកំពុងបន្តខិតខំពន្លឿនប្រតិបត្តិការតាមស្វែងរកអ្នកបាត់ខ្លួន ក្នុងគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ភក់ដ៏សាហាវបំផុតមួយ ដែលបានវាយប្រហារលើតំបន់ជ្រលងភ្នំ ត្រង់ចំណុចព្រំប្រទល់នេប៉ាល់និងទីបេ កាលពីថ្ងៃពុធសប្តាហ៍មុន៕



