FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីរាយការណ៍ថា ការវាយប្រហារមីស៉ីលរបស់អ៊ុយក្រែន សម្លាប់មនុស្ស២នាក់នៅតំបន់ Belgorod និងឆាបឆេះឃ្លាំងប៉ុន្មានកន្លែង (Video inside)

31-08-2026 13:14

(មូស្គូ)៖ អាជ្ញាធររុស្ស៉ី បានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលមួយ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និង ១៦នាក់រងរបួស នៅទីក្រុង Belgorod ដែលស្ថិតនៅក្បែរព្រំដែនរុស្ស៊ី ជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦

អភិបាលស្តីទីទីក្រុង Belgorod លោក Alexander Shuvayey បានបន្ថែមថា ករណីស្លាប់កាលពីថ្ងៃអាទិត្យនេះ បានកើតមានបន្ទាប់ពីអ៊ុយក្រែនវាយប្រហារ លើទីតាំងរបស់ក្រុមហ៊ុនពាណិជ្ជកម្មមួយ ដែលបណ្តាលឱ្យឃ្លាំងចំនួន៧កន្លែង នៅក្នុងទីក្រុងត្រូវរងការឆាបឆេះ។

ក្រុមហ៊ុនលក់ទំនិញតាមអនឡាញរបស់រុស្ស៊ី Ozon បានប្រកាសឱ្យដឹងថា មជ្ឈមណ្ឌលភស្តុភារ និងមជ្ឈមណ្ឌលតម្រៀបទំនិញ របស់ខ្លួននៅទីក្រុង Belgorod ក៏ត្រូវបានវាយប្រហារផងដែរ ដែលបណ្តាលឱ្យមានអគ្គិភ័យ និងមនុស្សរងរបួស។ យ៉ាងណាមិញ វាពុំច្បាស់ថា តើលោក Shuvayev និងក្រុមហ៊ុន Ozon ចង់សំដៅអំពីទីតាំងដូចគ្នា ឬផ្សេងពីគ្នានោះទេ។ ក្រៅពី Ozon ក្រុមហ៊ុន Wildberries ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៉ី ក៏បានក្លាយជាគោលដៅ នៃការវាយប្រហាររបស់អ៊ុយក្រែន នាពេលថ្មីៗនេះផងដែរ។ ទីក្រុងកៀវបានចោទថា ក្រុមហ៊ុនទាំងនេះ ជួយដល់យោធារុស្ស៉ី។

ការវាយប្រហារខាងលើរបស់អ៊ុយក្រែន កើតមានឡើង បន្ទាប់ពីនៅថ្ងៃសុក្រសប្តាហ៍មុន មនុស្សយ៉ាងហោច ៣៨នាក់បានស្លាប់ ក្រោយការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី បានបង្កឱ្យមានការផ្ទុះ និងអគ្គិភ័យយ៉ាងសម្បើម នៅកន្លែងឃ្លាំងរក្សាទុកគ្រាប់រំសេវមួយ ក្នុងតំបន់ជាប់រដ្ឋធានីកៀវរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានផ្ទុះឡើងតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២។ ប្រទេសទាំងពីរ បាននិងកំពុងបន្តវាយប្រហារគ្នាទៅវិញទៅមកស្ទើរតែរៀងរាល់ថ្ងៃ លើហេដ្ឋារចនាសម្ព័ន្ធ រួមមានទាំងកំពង់ផែ ប្រព័ន្ធថាមពល និងទីតាំងភស្តុភារ ប៉ុន្តែភាគីទាំងពីរបដិសេធថា ខ្លួនមិនបានកំណត់គោលដៅវាយប្រហារលើទីតាំងនិងជនស៊ីវិល ដោយចេតនាឡើយ៕