FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ត្រូវបានបណ្ដេញចេញពីតំណែង

30-08-2026 10:24

(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក No Kwang Chol ត្រូវបានបណ្ដេញចេញពីតំណែង នៅក្រោមក្របខណ្ឌនៃការរុះរើថ្នាក់ដឹកនាំយោធានៃប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

KCNA នៅក្នុងសេចក្ដីរាយការណ៍មួយ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថាផែនការរុះរើថ្នាក់ដឹកនាំយោធាត្រូវបានសម្រេចឡើងអំឡុងកិច្ចប្រជុំមួយដឹកនាំដោយលោក គីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍ម្សិលមិញ។ តាម KCNA លោក No Kwang Chol មិនត្រឹមតែត្រូវបានបណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិប៉ុណ្ណោះទេ តែថែមទាំងត្រូវបានទម្លាក់តំណែងក្នុងជួរថ្នាក់ដឹកនាំគណបក្សកាន់អំណាចផងដែរ មកជានាយករងទី១ នៃនាយកដ្ឋានឧស្សាហកម្មអាវុធ។

ចំណែក លោក Kim Song Gi ជានាយកនៃការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី ខណៈមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត គឺទីប្រឹក្សាខាងការពារជាតិ លោក Pak Jong Chon ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម និងត្រូវបានបញ្ចូលទៅក្នុងការិយាល័យនយោបាយ នៃគណបក្សពលករកូរ៉េ។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីរាយការណ៍ដាច់ដោយឡែកមួយ KCNA ក៏បានឱ្យដឹងដែរថាលោក គីម ជុងអ៊ុន បានកោតសរសើរយ៉ាងខ្លាំងដល់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងក្រុមមន្ត្រីកូរ៉េខាងជើង នៅឯពិធីមួយកាលពីថ្ងៃសៅរ៍ សម្រាប់ការចូលរួមអភិវឌ្ឍបច្ចេកវិទ្យាយោធា ដោយផ្ដល់ឱ្យពួកគេនូវមេដាយកិត្តិយសថ្នាក់ខ្ពស់៕