មនុស្ស២៧នាក់ស្លាប់ និងជាច្រើននាក់រងរបួស ក្នុងការវាយប្រហារបស់រុស្ស៉ីនៅក្បែររដ្ឋធានីរបស់អ៊ុយក្រែន (Video inside)
29-08-2026 16:38
(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីចំលើឃ្លាំងមួយកន្លែង នៅជាយរដ្ឋធានីកៀវ កាលពីថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងហោចណាស់២៧នាក់ និងបង្ខំឱ្យរាប់រយនាក់ត្រូវជម្លៀសចេញពីតំបន់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦។
លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធានៃតំបន់កៀវ បាននិយាយថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី បានបង្កឱ្យមានគ្រោះអគ្គិភ័យដ៏ធំ និងការផ្ទុះជាបន្តបន្ទាប់យ៉ាងសម្បើម នៅឃ្លាំងមួយស្ថិតក្នុងជាយរដ្ឋធានីកៀវ។ លោកបានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា មនុស្ស ៤២នាក់ផ្សេងទៀត បានរងរបួស ហើយជាង៣៨០នាក់ កំពុងត្រូវបានជម្លៀសចេញពីតំបន់រងការវាយប្រហារ ក្នុងស្រុក Bucha។
លោក Tkachenko បានប្រាប់ថា អគ្គិភ័យបានឆាបឆេះឡើងអមជាមួយនឹងការផ្ទុះ ខណៈមនុស្សជាង ២០០នាក់ ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុរួចហើយ ក្នុងនោះមានទាំងកុមារផងដែរ។ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញសង្គម X នាថ្ងៃសៅរ៍នេះថា គ្រាប់សព្វាវុធមិនគួរត្រូវរក្សាទុក នៅក្បែរតំបន់លំនៅឋានរបស់ប្រជាជនឡើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រុស្ស៊ីនិងអ៊ុយក្រែន បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយលើគ្នាទៅវិញទៅមក ដោយកាន់តែផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជាឃ្លាំងផ្ទុកទំនិញនិងភស្តុភារ កន្លែងផលិតប្រេង និងកំពង់ផែ។ ការវាយប្រហារទាំងនេះ បាននិងកំពុងបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរងរបួសកាន់តែច្រើនឡើង៕



